រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារដាក់គ្នាទៅវិញទៅមក ក្រោយប្រេសិតចរចា អាមេរិក ចេញផុតបន្តិច

កៀវ,រុស្ស៊ី ៖ កងកម្លាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះបានសម្រុកវាយប្រហារដាក់គ្នាទៅវិញទៅមក បន្ទាប់ពីលោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ទើបតែបានចាកចេញពីប្រទេសគូជម្លោះទាំងពីរ ក្រោយហោះទៅចរចាប៉ុនប៉ងបញ្ចប់សង្គ្រាមទាំងនៅទីក្រុងកៀវ និងនៅទីក្រុងមូស្គូ ។

អាជ្ញាធរទីក្រុងកៀវបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឱ្យមនុស្ស ២១ នាក់រងរបួស និងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរថភ្លើងក្រោមដីនៅលើស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnipro ។

ចំណែកនៅតំបន់ Kharkiv ភាគឥសាននៃប្រទេសអ៊ុយក្រែនវិញ, ការវាយប្រហាររបស់រុស្ស៊ី ក៏បានសម្លាប់ស្ត្រីម្នាក់ និងធ្វើឱ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមការបញ្ជាក់ពីលោក Oleh Syniehubov ជាអភិបាលតំបន់ Kharkiv ។

រីឯនៅក្នុងប្រទេសរុស្ស៊ីវិញ មានមនុស្ស ២ នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៦៣០ គ្រឿងដែលបានហោះតម្រង់ទៅកាន់ទីក្រុងមូស្គូ ។

ជាមួយគ្នានេះ តំបន់ Lipetsk ភាគខាងត្បូងទីក្រុងម៉ូស្គូក៏រងការវាយប្រហារផងដែរ ។ លោក Igor Artamonov អភិបាលក្រុង Lipetsk និយាយថា ការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនមកលើអគារស្នាក់នៅ និងទីតាំងវេជ្ជសាស្ត្រមួយកន្លែងក្នុងតំបន់របស់លោក បណ្ដាលឲ្យបុរសម្នាក់រងរបួស ។

បើតាម Reuters, ការវាយប្រហារចុងក្រោយទាំងនេះ បានកើតឡើង បន្ទាប់ពីប្រធានបេសកជនរបស់ប្រធានាធិបតីអាមេរិក គឺ លោក Steve Witkoff បានជួបពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីសម្របសម្រួលបញ្ចប់ជម្លោះ ពោលគឺនៅបន្ទាប់ពី បេសកជនពិសេសអាមេរិក រូបនេះ ទើបតែចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដូចគ្នា នៅក្នុងសប្តាហ៍នេះ។

លោក Zelenskiy ថ្លែងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនគាំទ្រសំណើរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចចរចាត្រីភាគីជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងកម្រិតថ្នាក់អ្នកចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រីឯ វិមានក្រឹមឡាំងវិញ បានឱ្យដឹងថា លោក Putin ក៏បានយល់ព្រមបន្តកិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវនៅដើមខែក្រោយនេះផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner