អ៊ីរ៉ង់ ដាក់លក្ខខណ្ឌថ្មីចំនួន ២ បើ អាមេរិក ព្រម ទើបមានការចរចាឡើងវិញ
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានដាក់លក្ខខណ្ឌធំៗចំនួន ២ ទៅកាន់ភាគីសហរដ្ឋអាមេរិក ដែលក្នុងនោះខ្លួនបានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែង ព្រមទាំងដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ជាមុនសិន ទើបអ៊ីរ៉ង់យល់ព្រមចាប់ផ្តើមការចរចាថ្មី ។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។
ក្នុងអំឡុងជំនួបជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir កាលពីថ្ងៃអង្គារ, លោក Pezeshkian លើកឡើងថា មុនពេលមានការចរចាណាមួយ អាមេរិកត្រូវតែបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែងជាមុនសិន ហើយត្រូវដកទណ្ឌកម្មនានាចេញជាដាច់ខាត ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបញ្ជាក់ថា បញ្ហាទាំងអស់នៅក្នុងតំបន់ ពោលចាប់ពីការកើនឡើងភាពតានតឹង រហូតដល់ការរំខានផ្លូវដឹកជញ្ជូននៅច្រកសមុទ្រ Hormuz សុទ្ធតែបង្កឡើងដោយសកម្មភាពញុះញង់ឱ្យមានសង្គ្រាមរបស់អាមេរិក ។
បើតាម Anadolu, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ថែមទាំងបានទាមទារឱ្យជនជាតិអាមេរិកពន្យល់ពីគោលបំណងច្បាស់លាស់ ថាតើហេតុអ្វីបានជាពួកគេចាប់ផ្តើមសង្គ្រាមនេះ ហើយទាញខ្លួនឯង ក៏ដូចជាពិភពលោកទាំងមូលឱ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ។
ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។
មិនបង្អង់យូរ ភាគអ៊ីរ៉ង់បានចាត់វិធានសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូននៅក្នុងតំបន់ ហើយថែមទាំងបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ។
សង្គ្រាមនេះបានបន្តអស់រយៈពេលជាង ៧ខែមកហើយ ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងគំហុក ខណៈចរាចរណ៍ប្រេងពាណិជ្ជកម្មតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ ។
យ៉ាងណា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីខែមិថុនា បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ឈប់អរិភាព និងបើកផ្លូវសម្រាប់ការចរចា ។
ប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងនេះ បានជាប់គាំងចាប់តាំងពីពេលនោះមក ហើយក្នុងចំណោមលក្ខខណ្ឌដែលមិនចុះសម្រុងគ្នានោះ រួមមានបញ្ហាសន្តិសុខ និងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
