រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុនសហការជាមួយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញវិនិយោគិនជប៉ុន ធ្វើការសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបុរីលំហែសម្រាប់និវត្តន៍ជន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងប្រែក្លាយគម្រោងមួយនេះ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។

នៅក្នុងជំនួបជាមួយលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងបានលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ សំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលទីក្រុងមួយនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរគំនិតច្នៃប្រឌិតរបស់លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ដែលបានវិនិយោគប្រែក្លាយតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T) ដើម្បីផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដ ពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីរម្យ និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុងការប្រែក្លាយទីក្រុងនេះ ឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាព តាមរយៈការនាំមកនូវរថយន្តអគ្គិសនី ជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែម សម្រាប់និស្សិតខ្មែរ និងជប៉ុន ដែលកំពុងសិក្សានៅ K.I.T ដើម្បីចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ និងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន។

សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិ បំពេរអារម្មណ៍ភ្ញៀវដែលមកកម្សាន្តបានល្ហែល្ហើយស្បើយអស់ពីទុក្ខា។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា ដល់និស្សិតខ្មែរជាង ២០០នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋាន ប្រមាណជាង ៤៥០នាក់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner