ប្រមុខ UN ព្រមានថា អំពើហិង្សារបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលក្នុងតំបន់ West Bank កាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រង
អ.ស.ប ៖ អំពើហិង្សានៅតំបន់ West Bank កាន់តែអាក្រក់ទៅៗស្ទើរហួសពីការគ្រប់គ្រង ដោយសារការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់ក្រុមតាំងទីលំនៅអ៊ីស្រាអែល ដែលគំរាមកំហែងបណ្តេញសហគមន៍ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេដោយបង្ខំ ។ នេះបើតាមការព្រមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ ។
បើតាម Anadolu, លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ West Bank នៅតែបន្តរងការវាយប្រហារជារៀងរាល់ថ្ងៃដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល ។
លោក Guterres អះអាងថា គោលដៅច្បាស់លាស់របស់ពួកគេ គឺបណ្តេញសហគមន៍ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេដោយបង្ខំ ហើយពួកគេក៏បានកំណត់គោលដៅលើអ្នកកាសែត និងអ្នកការទូតផងដែរ ។
ពាក់ព័ន្ធនឹងតំបន់ GAZA វិញ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានលើកឡើងថា ជំនួយមនុស្សធម៌សំខាន់ៗនៅតែត្រូវបានរឹតត្បិតខ្លាំងមុនរដូវរងាមកដល់ ដែលវាបង្កជាឧបសគ្គកាន់តែខ្លាំងឡើងដល់ផែនទីបង្ហាញផ្លូវដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខ ដើម្បីដោះស្រាយជម្លោះនៅតំបន់នេះ ។
លោកថា ជាក់ស្តែង កម្មវិធីស្បៀងអាហារពិភពលោកត្រូវការថវិកាបន្ទាន់ចំនួន ៤៥០ លានដុល្លារ ដើម្បីចិញ្ចឹមប្រជាជននៅទូទាំងតំបន់ GAZA និងតំបន់ West Bank ក្នុងរយៈពេល ៦ខែខាងមុខ ដោយលោកនិយាយថា ចំនួនទឹកប្រាក់នេះស្មើនឹងប្រហែល ៩០ នាទីនៃការចំណាយផ្នែកយោធាសកល ។
ជាមួយគ្នានេះ លោក Guterres បានអំពាវនាវដល់អ្នកផ្តល់ជំនួយអន្តរជាតិឱ្យបង្កើនការចូលរួមកាន់តែសកម្ម និងជំរុញឱ្យបញ្ចប់ការទន្ទ្រានកាន់កាប់ទឹកដីដោយខុសច្បាប់របស់អ្នកតាំងទីលំនៅអ៊ីស្រាអែល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
