វិមានក្រឹមឡាំង ចង់យក អេមីរ៉ាត់អារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាង រុស្ស៊ី អាមេរិក និងអ៊ុយក្រែន
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ កាលពីថ្ងៃព្រហស្បតិ៍ បង្ហើបពីបំណងជ្រើសយករដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ។
ចេតនារបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញ នៅដើមខែក្រោយ ។
ហើយការសម្រេចចិត្តបែបនេះរបស់លោក ពូទីន ដែរ កើតឡើងក្រោយមេដឹកនាំរុស្ស៊ីរូបនេះ បានជួបពិភាក្សាជាមួយប្រេសិតពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម ។
បើតាម Associated Press, វិមានក្រឹមឡាំងអះអាងថា កិច្ចចរចាសន្តិភាពត្រីភាគីថ្មីនេះ នឹងធ្វើឡើងក្នុងកម្រិតមន្ត្រីបច្ចេកទេសនៅរដ្ឋធានីអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយផ្តោតលើការធានាសន្តិសុខទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ី នៅពេលសង្គ្រាមត្រូវបានបញ្ចប់ ។
ប្រភពដដែលឱ្យដឹងទៀតថា ការចរចាជុំថ្មី អាចនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឬក្រោយកាលបរិច្ឆេទនេះ ខណៈដែលការចរចាសន្តិភាពចុងក្រោយបង្អស់ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈ មុនពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង ។
មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយទេ ។
សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ Anadolu និង AP ប្រែសម្រួល ៖ ឈឹម ទីណា


