អាមេរិក និងក្រុមហ៊ុន Lockheed Martin ប្រកាសកិច្ចព្រមព្រៀងយន្តហោះចម្បាំង F-35 ចំនួន ៨៥០ គ្រឿង ក្នុងតម្លៃ ៧៨ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក និងក្រុមហ៊ុន Lockheed Martin កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៨៥០ គ្រឿង ក្នុងតម្លៃប្រមាណ ៧៨ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។

F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក ។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០ លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងបំបាំងកាយនេះ ដែលមានចំនួន ៣ប្រភទ រួមមាន F-35A, F-35B និង F-35C ។

យន្ដហោះចម្បាំង F-35 មានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត ។

បើតាមរ៉យទ័រ, កិច្ចសន្យានេះ រួមមាន ការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II ចំនួន ៨៥០ គ្រឿងសម្រាប់យោធាអាមេរិក ព្រមទាំងការបញ្ជាទិញពីអតិថិជនអន្តរជាតិ និងសេវាគាំទ្រការថែទាំយន្តហោះ F-35 នៅទូទាំងពិភពលោក ។

ក្រោមកិច្ចព្រមព្រៀងនេះទៀតសោត Lockheed Martin មានគោលដៅរក្សាអត្រាផលិតយន្តហោះឱ្យបាន ១៥៦ គ្រឿងក្នុងមួយឆ្នាំ ខណៈក្រុមហ៊ុនការពារជាតិខ្នាតយក្សមួយនេះ ក៏បានប្តេជ្ញាផ្តល់មូលនិធិទំហំ ៧ ពាន់លានដុល្លារ ដើម្បីគាំទ្រការវិនិយោគ និងការពង្រឹងសមត្ថភាពផលិតកម្មផងដែរ ។

យ៉ាងណា កិច្ចព្រមព្រៀងរវាងភាគីទាំងពីរនេះ នៅតែត្រូវការការអនុម័តផ្តល់សិទ្ធិ និងកញ្ចប់ថវិកាពីសភាអាមេរិក មុននឹងអាចឈានទៅរកការចុះកិច្ចសន្យាបញ្ជាទិញយន្ដហោះចម្បាំង F-35 ជាផ្លូវការចុងក្រោយ ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner