ក្រសួងវប្បធម៌ទាត់ចោលការចោទប្រកាន់ដដែលៗរបស់យោធាថៃដែលថា កម្ពុជាយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ម្តងហើយម្តងទៀតរបស់ភាគីថៃ ដែលថា កម្ពុជាបានយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា ដោយកម្ពុជាបញ្ជាក់ថា នេះជាលេសទម្លាក់កំហុស ដើម្បីគេចវេះពីការទទួលខុសត្រូវលើការបាញ់បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្រសួងវប្បធម៌កម្ពុជាបានប្រកាសបដិសេធការចោទប្រកាន់ដដែលៗរបស់ភាគីថៃដែលថា កម្ពុជាបានយកទីតាំងប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា។ ជាមួយគ្នានេះ កម្ពុជាក៏បានតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។
ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS ថា ក្រុមអ្នកឈ្លានពាន និងបំផ្លាញបេតិកភណ្ឌ តែងតែថ្លែងទម្លាក់កំហុសលើអ្នកដទៃ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
ឯកឧត្តមសង្កត់ធ្ងន់ថា បេតិកភណ្ឌទាំងអស់របស់កម្ពុជា មិនមែនជាមូលដ្ឋានយោធាសម្រាប់កងកម្លាំងណាមួយឡើយ ហើយកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានានាស្តីពីការការពារបេតិកភណ្ឌ តែងតែចូលរួមយ៉ាងសកម្មក្នុងកម្រិតអន្តរជាតិដើម្បីការពារបេតិកភណ្ឌគ្រប់ប្រភេទ។ ដូច្នេះ ការចោទប្រកាន់របស់ភាគីថៃ ថាកម្ពុជាបំផ្លាញបេតិកភណ្ឌរបស់ខ្លួនឯង គឺជារឿងមិនអាចទៅរួចឡើយ។
ឯកឧត្តមបានកត់សម្គាល់ថា ស្ថាប័នព័ត៌មានថៃមួយចំនួនតែងតែបំពុលព័ត៌មាន និងផ្សាយចោទប្រកាន់ ដើម្បីបិទបាំងការបំផ្លាញប្រាសាទខ្មែរ និងបំភាន់សាធារណៈមតិក្នុងស្រុករបស់ខ្លួន ដែលកំពុងស្អប់ខ្ពើមអំពើបំផ្លាញបេតិកភណ្ឌផងដែរ។
ការបញ្ជាក់របស់កម្ពុជានេះធ្វើឡើងបន្ទាប់ពីកងទ័ពភូមិន្ទថៃ នៅថ្ងៃទី២២ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបមកកាន់កម្ពុជា ជុំវិញការថ្កោលទោសលើយោធាថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារឱ្យរងការខូចខាតធ្ងន់ធ្ងរ។
ក្នុងអំឡុងសង្គ្រាមព្រំដែនកាលពីខែធ្នូ ឆ្នាំ២០២៥ ទីតាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា បានរងការខូចខាតរហូតដល់ប្រមាណ ៨០% ដោយសារការបាញ់ប្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទពីសំណាក់យោធាថៃ។ ក្រុមមន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំសរុបចំនួន ៥៦២ទីតាំង ខណៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រមូល និងរកឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ ៣០០គ្រាប់។
កាលពីថ្ងៃទី២១ ខែតុលា កម្ពុជាបានប្រកាសចាប់ផ្តើមគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដើម្បីស្តារតួប្រាសាទដែលរងការខូចខាតពីការបាញ់បំផ្លាញដោយមិនរើសគោលដៅរបស់យោធាថៃ៕


ទួន សុផល