បារាំងបញ្ចប់ការសិក្សាគម្រោងកែលម្អ និងពង្រីកសារមន្ទីរជាតិកម្ពុជា ដោយចំណាយថវិកាប្រមាណ ១លានដុល្លារ
ការសិក្សាគម្រោងកែលម្អ និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតបារាំង បានបញ្ចប់ហើយ ដោយចំណាយថវិកាទ្រប្រមាណ ១លានដុល្លារអាមេរិក។ ការសិក្សានេះបានបង្កើតមូលដ្ឋានបច្ចេកទេស និងស្ថាបត្យកម្មដ៏រឹងមាំ សម្រាប់តម្រង់ទិសការអភិវឌ្ឍសារមន្ទីរនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សារមន្ទីរ។
លទ្ធផលនៃការសិក្សាលទ្ធភាពលើគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ត្រូវបានភាគីបារាំងប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីមួយដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា នៅសារមន្ទីរជាតិកម្ពុជា។
ការសិក្សាគម្រោងនេះត្រូវបានអនុវត្តរួមគ្នាដោយក្រុមការងារកម្ពុជា និងបារាំង អស់រយៈពេល២ឆ្នាំ ក្រោមហិរញ្ញប្បទានចំនួន៩០ម៉ឺនអឺរ៉ូ ឬប្រមាណ១លានដុល្លារអាមេរិក ពីក្រសួងអឺរ៉ុប និងការបរទេសបារាំង។ លទ្ធផលនៃការសិក្សាបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយសម្រាប់អាជ្ញាធរកម្ពុជា ក្នុងការរៀបចំផែនការអភិវឌ្ឍសារមន្ទីរជាតិនាពេលអនាគត។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការសិក្សានេះមានគោលបំណងស្វែងរកលទ្ធភាពអភិវឌ្ឍសារមន្ទីរជាតិកម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយនៅតែរក្សាតម្លៃប្រវត្តិសាស្ត្ររបស់សារមន្ទីរ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការថែរក្សា និងដាក់តាំងបង្ហាញសម្បត្តិវប្បធម៌ជាតិ។
លោកជំទាវបានសង្កត់ធ្ងន់ថា ការរៀបចំផែនការអភិវឌ្ឍថ្មីត្រូវមានភាពសមស្របជាមួយអគារប្រវត្តិសាស្ត្រដែលមានស្រាប់ ដោយត្រូវពិចារណាយ៉ាងម៉ត់ចត់លើតម្រូវការរបស់សារមន្ទីរទំនើប តម្លៃស្ថាបត្យកម្ម ការអភិរក្ស សុវត្ថិភាព និងការគ្រប់គ្រងប្រតិបត្តិការនានារបស់សារមន្ទីរ។
យោងតាមលោកជំទាវរដ្ឋមន្ត្រី ការសិក្សាលម្អិតក៏បានផ្តោតលើសមុច្ច័យវត្ថុបុរាណគ្រប់ប្រភេទ ដើម្បីកំណត់តម្រូវការចាំបាច់ក្នុងការជ្រើសរើសវត្ថុបុរាណមកដាក់តាំងបង្ហាញឱ្យបានសមស្រប និងទាក់ទាញភ្ញៀវទេសចរ ហើយការប្រមូលមករក្សាទុកនៅទីតាំងតែមួយនឹងផ្តល់ភាពងាយស្រួលក្នុងការអភិរក្សជួសជុលនាពេលខាងមុខ។
ម៉្យាងទៀត ការសិក្សានេះបានពិនិត្យលទ្ធភាពប្រើប្រាស់ទីតាំងសារមន្ទីរបច្ចុប្បន្ន និងទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនប៉ះពាល់ដល់សំណង់ប្រវត្តិសាស្ត្រនានានៅទីនោះឡើយ។ ផែនការនេះរួមមានការជួសជុល និងកែលម្អអគារដែលមានស្រាប់ឱ្យបម្រើដល់មុខងារសារមន្ទីរ ការសាងសង់អគារបន្ថែម និងការដំឡើងប្រព័ន្ធការពារហានិភ័យ ជាពិសេសហានិភ័យពីគ្រោះធម្មជាតិ អគ្គិភ័យ និងចោរកម្ម។
ចំណុចសំខាន់មួយទៀតនៃការសិក្សា គឺការរៀបចំសមាមាត្រឱ្យបានសមស្របរវាងចំនួនអគារ និងទីធ្លាបៃតង ដើម្បីលើកកម្ពស់សោភ័ណភាព ភាពទាក់ទាញ អនាម័យ និងការបង្ហាញសិល្បៈបុរាណខ្មែរ។ កម្ពុជាមានបំណងប្រែក្លាយបរិវេណទាំងមូលឱ្យទៅជាលំហវប្បធម៌ដ៏រស់រវើក បើកចំហសម្រាប់មនុស្សគ្រប់រូប និងជាទីកន្លែងដែលមនុស្សជំនាន់បច្ចុប្បន្ន និងអនាគតអាចស្វែងយល់ និងមានមោទនភាពចំពោះភាពសម្បូរបែបនៃវប្បធម៌ និងអរិយធម៌ខ្មែរ ទាំងរូបី និងអរូបី។
ការបញ្ចប់ការសិក្សាលើគម្រោងកែលម្អ និងពង្រីកសារមន្ទីរនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ កម្ពុជា និងបារាំងបានបង្ហាញពីឆន្ទៈរួមក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដោយឈរលើស្មារតីនៃទំនុកចិត្ត និងមិត្តភាព ដើម្បីឱ្យសារមន្ទីរជាតិកម្ពុជាក្លាយជាសារមន្ទីរដ៏រស់រវើក និងទំនើប ដែលបម្រើប្រជាជនកម្ពុជា និងបើកចំហទៅកាន់ពិភពលោក៕




ដោយ៖ ម៉ាដេប៉ូ
រូប៖ ហេង សម្បត្តិ