អគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី បានចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែនដីចំនួន ១៥ និងការិយាល័យរៀបចំដែនដីចំនួន ១១៨ នៅឆ្នាំនេះ
អគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ក្រោមវត្តមានឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។
នៅឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី បានចុះធ្វើអធិការកិច្ចលើការងារពាក់ព័ន្ធវិស័យរបស់ក្រសួងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តចំនួន ១៥មន្ទីរ និងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក នៃខេត្តគោលដៅ ចំនួន ១១៨ការិយាល័យ ដោយបានរកឃើញបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងារពាក់ព័ន្ធវិស័យរបស់ក្រសួង។
ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា អគ្គាធិការនៃអគ្គាធិការដ្ឋាន បានលើកឡើងពីចំណុចខ្វះខាតក្នុងការអនុវត្តការងារ ទាំងការងាររដ្ឋបាល និងការងារជំនាញនៅតាមបណ្ដាមន្ទីរ និងការិយាល័យរៀបចំដែនដី ហើយអគ្គាធិការដ្ឋានបានធ្វើការណែនាំកែលម្អរួចហើយ ។
ចំពោះទិសដៅការងារឆ្នាំ២០២៧ ឯកឧត្តម គូសបញ្ជាក់ថា អគ្គាធិការដ្ឋាននឹងបន្តលើកកម្ពស់ កសាង និងបង្កើនសមត្ថភាពមន្រ្តី, បន្តចុះធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងបច្ចេកទេស សុរិយោដី សំដៅពង្រឹងប្រសិទ្ធិការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ និងនីតិវិធីជាធរមាន។
ក្រៅពីនេះ អគ្គាធិការដ្ឋាននឹងបន្តតាមដានការអនុវត្តច្បាប់ គោលការណ៍ណែនាំ និងនីតិវិធីលើការងារសុរិយោដី និងការផ្ដល់សេវាសាធារណៈ នៅបណ្ដាអង្គភាពដែលបានចុះធ្វើអធិការកិច្ចរួច, ព្រមទាំងបន្តចុះអង្កេតស្រាវជ្រាវ និងដោះស្រាយករណីវិវាទដីធ្លី ក៏ដូចជាបណ្តឹងរដ្ឋបាល និងបណ្តឹងបរិហារពាក់ព័ន្ធការប្រព្រឹត្តរបស់មន្ត្រី។
ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បែន រ័ត្ន បានណែនាំដល់អគ្គាធិការដ្ឋាន ខិតខំពិនិត្យតាមដាន លើមន្ទីររៀបចំដែនដីរាជធានី-ខេត្ត ក្នុងការបន្តពន្លឿនការចុះបញ្ជីដី និងដោះស្រាយរាល់បញ្ហាដីធ្លីដែលនៅសេសសល់នៅតាមមូលដ្ឋាន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើអចលនវត្ថុរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពផ្លូវច្បាប់៕



អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ