បាតុភូត អែល នីញ៉ូ គំរាមកំហែងដល់ការចិញ្ចឹមត្រីក្នុងស្រុក ខណៈសមាគមវារីវប្បករព្រួយបារម្ភ ក្រែងត្រីបរទេសជ្រៀតចូលទីផ្សារ

បាតុភូតអាកាសធាតុក្តៅខ្លាំង ឬ Super El Niño ដែលបានចាប់ផ្តើមពីសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២៦នេះ ហើយត្រូវបាន ព្យាករណ៍ថានឹងអូសបន្លាយរហូតដល់ ដើមឆ្នាំ២០២៧នោះ កំពុងក្លាយជាបញ្ហាប្រឈមថ្មី លើវិស័យវារីវប្បកម្មកម្ពុជា។ ស្ថានភាព​កម្ដៅ​ប្រែប្រួល ខ្លាំង បានបង្ខំឱ្យវារីវប្បករមួយចំនួនកាត់បន្ថយបរិមាណ ចិញ្ចឹម ដែលជាហេតុធ្វើឱ្យសមាគមវារីវប្បករកម្ពុជា បង្ហាញការ​ព្រួយបារម្ភ​យ៉ាងខ្លាំងពីការថយចុះទិន្នផលក្នុង ស្រុកនិងការបើកឱកាសឱ្យត្រីនាំចូលពីប្រទេសជិតខាងហូរជ្រែកទីផ្សារ។

លោក ឡែមផូរ សុថាវរិទ្ធ ប្រធានសមាគមវារី វប្បករកម្ពុជា បានប្រាប់បណ្ដាញព័ត៌មានAMSថា អាកាសធាតុក្តៅខ្លាំងដែលគ្រប ដណ្តប់ពេញផ្ទៃប្រទេស តម្រូវឱ្យវារីវប្បករគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និង ចាត់វិធានការបច្ចេកទេសជាបន្ទាន់ ដើម្បីការពារ ផលចិញ្ចឹម។ វិធានការចាំបាច់រួមមានការគ្រប់គ្រងទឹក ត្រូវបង្កើនជម្រៅទឹកក្នុងស្រះឱ្យបានពី ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ដើម្បីការពារសីតុណ្ហភាព ទឹកបាតស្រះកុំឱ្យឡើង ក្តៅខ្លាំង បង្កឱ្យត្រីពុល ឬងាប់។ ការបង្កើតម្លប់ ដោយ ត្រូវប្រើប្រាស់សំណាញ់បាំងកម្តៅថ្ងៃនៅលើផ្ទៃស្រះ ផ្នែកណា មួយ ដើម្បីកាត់បន្ថយកម្ដៅ និងបង្កើតជម្រក ត្រជាក់ដល់ត្រី។

លោកប្រធានសមាគមបានឱ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជាមានតម្រូវការត្រីទូទាំងប្រទេសប្រមាណ ៩៥០ តោនក្នុងមួយថ្ងៃ ខណៈ​សមត្ថភាព​ផលិតផលជលផល ក្នុងស្រុកផ្គត់ផ្គង់បានប្រមាណ ៥៦% ប៉ុណ្ណោះ។ ប្រសិនបើកសិករផ្អាក ឬកាត់បន្ថយការចិញ្ចឹមដោយ សារ​កម្ដៅខ្លាំង នោះវានឹងបង្កើតជាចន្លោះប្រហោងឱ្យ ត្រីពីប្រទេសជិតខាងវាយលុកទីផ្សារបន្ថែមទៀត។ ទោះជាយ៉ាងណា លោកនៅតែមាន​សុទិដ្ឋិនិយមថា បន្ទាប់ពីបាតុភូតកម្ដៅខ្លាំងនេះកន្លងផុតទៅ ការចិញ្ចឹមត្រី និងកង្កែបនឹងស្ទុះងើបឡើងវិញជាប្រៀបដូចកាលពី​ដើមឆ្នាំ​២០២៣ ដែលតម្លៃត្រីហក់ឡើងខ្ពស់ ហើយការ នាំចូលត្រូវបានកាត់បន្ថយ។

ប្រឈមមុខនឹងបាតុភូតធម្មជាតិនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ជំរុញការ​ស្រាវជ្រាវ និង​បង្កាត់ពូជត្រីដែលមាន តម្លៃ សេដ្ឋកិច្ចខ្ពស់ ដូចជា ត្រីតុកកែ ត្រីខ្យា ត្រីខឹង ត្រីគ្រំ ក្តាមសេះ និងក្តាមថ្ម ដើម្បីចែកចាយ​ជូនវារីវប្បករ។

សូមជម្រាបថា ដោយសារនិន្នាការផលិតផលជលផល របស់កម្ពុជាកើនឡើងជាលំដាប់ ពិសេសការកើនឡើង នៃទិន្នផលវារីវប្បកម្ម កម្ពុជា​ក៏មានលទ្ធភាពនាំចេញ ផលិតផលជលផលសមុទ្រ និងទឹកសាបមួយចំនួន ទៅកាន់ទីផ្សារប្រទេសចិន អូស្ត្រាលី និងការត្រៀមខ្លួន​ចូលទៅ​កាន់ទីផ្សារជប៉ុន និងអឺរ៉ុប ផងដែរ៕


ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner