សម្តេចធិបតី៖ កំណត់យកថ្ងៃទី៩ វិច្ឆិកា បើកវគ្គដំបូងនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតីបានបញ្ជាក់ថា “យើងនឹងបន្តរើសរាល់ឆ្នាំ ហើយតាមតម្រូវការជាក់ស្តែងរបស់កងទ័ព ក្នុងន័យនេះ ខ្ញុំសូមសរសើរលើកទឹកចិត្តទៅដល់យុវជនរបស់យើងដែលក្នុងរយៈពេល១៣ថ្ងៃ មានជិត ១ម៉ឺន៥ពាន់នាក់ បានធ្វើការដាក់ពាក្យ ហើយក្រសួងការពារជាតិនឹងធ្វើការសម្រេចនៅក្នុងតម្រូវការជាក់ស្តែងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតដើម្បីធ្វើការហ្វឹកហ្វឺន ”។

សម្តេចធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ បាននិងកំពុងបន្តជំរុញការកំណែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ អភិក្រមនៅក្នុងការកែទម្រង់ គឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ។ ការធ្វើកំណែទម្រង់សមត្ថភាពកងទ័ព គឺជាការចាំបាច់ ការធ្វើកំណែទម្រង់ទំនើបកម្ម រចនាសម្ព័ន្ធ និងគ្រឿងបំពាក់៕
ដោយ៖ពលជ័យ

ads banner