អាមេរិក គំរាមវាយ អ៊ីរ៉ង់ ជុំថ្មី ប្រសិនបើនៅតែរឹងរូសមិនព្រមចរចាបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែរឹងរូសមិនព្រមចូលរួមចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ នេះបើតាមការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ។
ការព្រមានរបស់លោក ត្រាំ ត្រូវបានធ្វើឡើងអំឡុងពិធីជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋផ្លរីដា ខណៈដែលសង្រ្គាមរវាងអាមេរិក អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ បានឈានចូលដល់ខែទី៨ ហើយ ។
ថ្លែងទៅកាន់អ្នកគាំទ្រខ្លួន មេដឹកនាំអាមេរិករូបនេះ បានរំលឹកឡើងវិញនូវប្រតិបត្តិការយោធាមុនៗ ដូចជា «Operation Midnight Hammer» និង «Operation Epic Fury» ដោយលោកអះអាងថា ប្រតិបត្តិការទាំងនោះបានកម្ទេចសមត្ថភាពចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកអាចនឹងបើកប្រតិបត្តិការយោធា « Epic Fury» ដ៏តូចមួយទៀត ប៉ុន្តែលោកនៅតែអំពាវនាវឱ្យអ៊ីរ៉ង់វិលរកតុចរ ដោយនិយាយថា ប្រសិនបើទីក្រុងតេហេរ៉ង់មានភាពឆ្លាតវៃ គួរតែព្រមព្រៀងចាប់ផ្តើមការចរចា ។
បើតាម Anadolu, សង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅចុងខែកុម្ភៈឆ្នាំនេះ នៅតែមិនទាន់មានដំណោះស្រាយចុងក្រោយនៅឡើយ ទោះបីភាគីពាក់ព័ន្ធបានឈានដល់បទឈប់បាញ់ និងអនុស្សរណៈយោគយល់គ្នា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ។
ហើយថ្មីៗនេះស្រាប់តែមានសេចក្តីរាយការណ៍ថា អាមេរិក និងអ៊ីស្រាអែលបានរៀបចំផែនការសម្រាប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ យ៉ាងណា ការអនុវត្តផែនការទាំងនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
