បារាំង ត្រៀមពង្រាយកងកម្លាំងសន្តិសុខជាង ៧ ម៉ឺននាក់ទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្មហិង្សា

ប៉ារីស ៖ ប្រទេសបារាំងបានបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង ដោយត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសជាង ៧០.០០០ នាក់នៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្មដែលអាចកើតមាននៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបាតុកម្មកាលពីចុងសប្តាហ៍មុន បានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់នៅតាមបណ្តាទីក្រុងមួយចំនួន ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ឡូរ៉ង់ នូណេស និយាយថា កងកម្លាំងប៉ូលិសប្រមាណ ៧០.០០០ នាក់នឹងត្រូវដាក់ពង្រាយ ពោលគឺច្រើនជាងចុងសប្តាហ៍មុនដល់ទៅ ២០ ភាគរយ ។

លោក នូណេស បានប្រាប់អ្នកកាសែតថា ការដាក់ពង្រាយនេះ ក៏នឹងប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន រថពាសដែក កងកម្លាំងសន្តិសុខចល័ត និងឧបករណ៍បាញ់ទឹក ដើម្បីការពារអគារសាធារណៈ និងទប់ស្កាត់អំពើហិង្សា ។

ទន្ទឹមគ្នា ប្រមុខការពារជាតិបារាំងរូបនេះ ក៏បានព្រមានធ្ងន់ៗផងដែរថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តអំពើហិង្សា ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬលួចប្លន់ជាដើម ។

បើតាម Aljazeera, ចលនាបាតុកម្មនៅបារាំង បានចាប់ផ្តើមពីការតវ៉ារបស់ក្រុមសិស្សវិទ្យាល័យ ជុំវិញស្ថានភាពសិក្សា និងលក្ខខណ្ឌនៅតាមសាលារៀន ប៉ុន្តែក្រោយមកវាបានរីករាលដាលធំឡើង នៅពេលមានការចូលរួមពីនិស្សិត សហជីព សកម្មជនបរិស្ថាន ក្រុមចលនា «អាវកាក់លឿង» និងប្រជាពលរដ្ឋដែលមិនពេញចិត្ត ចំពោះការកើនឡើងតម្លៃរស់នៅ ។

ជាក់ស្តែង កាលពីថ្ងៃសៅរ៍មុន មនុស្សជាងកន្លះលាននាក់ ត្រូវបានរាយការណ៍ថាបានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ។ ការតវ៉ាមួយចំនួនបានប្រែក្លាយទៅជាការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ការបំផ្លិចបំផ្លាញហាងទំនិញ និងការលួចប្លន់ ។ យោងតាមក្រសួងយុត្តិធម៌បារាំង, មនុស្សប្រមាណ ២.៧០០នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីចុងសប្តាហ៍មុន ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner