អាមេរិករំលឹកពីឥទ្ធិពលការទូតរបស់ខ្លួន ក្នុងការដោះស្រាយម្លោះព្រំដែនកម្ពុជា-ថៃ
ក្នុងឱកាសខួប១ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃ ក្រោមការជំរុញរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលការទូតដ៏សំខាន់មួយរបស់ខ្លួន ដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីមួយឆ្នាំមុន បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះ ព្រមទាំងធ្វើឱ្យការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែងក្លាយជាការពិត។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក Marco Rubio បានរំលឹកថា កាលពីមួយឆ្នាំមុន ប្រធានាធិបតីអាម៉េរិក លោក Donald J. Trump បាននាំកម្ពុជានិងថៃមករួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលលោកចាត់ទុកថា ជាសមិទ្ធផលការទូតដ៏សំខាន់មួយ សម្រេចបានដោយសារការដឹកនាំយ៉ាងម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក Trump។
លោក Rubio បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលនៃការទូតអាមេរិក ក្នុងការដោះស្រាយជម្លោះ និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់សន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀង និងកសាងសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ធ្វើជាសាក្សី។ ដើម្បីពង្រឹងបទឈប់បាញ់និងការទុកចិត្តគ្នា កិច្ចព្រមព្រៀងនេះបានចែងពីការដកអាវុធធុនធ្ងន់ពីព្រំដែន ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន ការសហការដោះមីនមនុស្សធម៌តាមព្រំដែន ការសន្យាដោះលែងយោធិនកម្ពុជា ១៨រូប ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
ប៉ុន្តែទោះបីជាមានកិច្ចកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរនេះក៏ដោយ ក៏ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរបានផ្ទុះឡើងជាថ្មីនៅខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងការប្រយុទ្ធគ្នាលើកទី១ទៅទៀត។ បន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មី ភាគីកម្ពុជានិងថៃក៏បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយទៀត កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអន្តរាគមន៍ច្រើនពីប្រទេសចិនវិញម្តង។
ទោះជាមានកិច្ចព្រមព្រៀងនេះក្តី ប្រទេសថៃនៅតែបន្តការរំលោភបំពានអធិបតេយ្យភាពកម្ពុចាជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងពង្រឹងការកាន់កាប់ទឹកដីកម្ពុជានៅតំបន់ជាច្រើន ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងដើមរបស់ពួកគេវិញបាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយវិវាទដោយសន្តិវិធី តាមផ្លូវការទូត និងច្បាប់អន្តរជាតិ៕ ទួន សុផល


