ADB អនុម័តថវិកា ៧២លានដុល្លារ ជួយពង្រឹងកសិកម្មជនបទ និងលើកកម្ពស់ស្ត្រីកសិករខ្នាតតូច២០ម៉ឺននាក់នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារអាម៉េរិក ដើម្បីជួយកម្ពុជាក្នុងការធ្វើ​ទំនើប​កម្មកសិកម្មនៅតាមជនបទ ,ការលើកកម្ពស់តួនាទីស្ត្រី និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយសារគ្រោះមហន្តរាយ​ធម្មជាតិ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកញ្ចប់ហិរញ្ញប្បទានទឹកប្រាក់ចំនួន៧២លានដុល្លារ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការការពង្រឹងវិស័យកសិកម្មតាមជនបទ ,ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងបង្កើនភាពធន់ជូនដល់​កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់រស់នៅតាមឃុំដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ។ កញ្ចប់ហិរញ្ញប្បទាននេះ មានការ​រួមបញ្ចូលគ្នារវាងឥណទានសម្បទានចំនួន ៥៧លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ព្រមទាំងទទួលបានការបំពេញបន្ថែមពីសហហិរញ្ញប្បទាន និងមូលនិធិអន្តរជាតិនានា រួមទាំងរាជរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់លើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជនបទ និងជួយគាំទ្រដល់សហគមន៍ក្រីក្រដែលងាយរងគ្រោះ​បំផុត​ចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹង​ជួយពង្រីកខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ ក៏ដូចជាជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីឱ្យ​គ្រួសារកសិករអាចកសាងអនាគតដ៏មានសុវត្ថិភាព និងភាពធន់។

បើតាម ADB បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិដែលកើតឡើងត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បាននិងកំពុង​បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងសន្តិសុខស្បៀងនៅកម្ពុជា ជាពិសេសនៅតំបន់ជនបទដែលជាទី​កន្លែងរស់នៅរបស់​ប្រជាពលរដ្ឋប្រមាណ ៥៩ភាគរយនៃចំនួនសរុប។ ទន្ទឹមនឹងនេះ ស្ត្រីដែលគ្របដណ្តប់ប្រមាណ ៥១ភាគរយនៃកម្លាំងពលកម្មកសិកម្ម ក៏នៅតែជាបណ្តុំប្រជាសាស្ត្រដែលងាយរងគ្រោះជាងគេដោយសារកង្វះខាតការទទួលបានឱកាសសេដ្ឋកិច្ច និងប្រភពទុនហិរញ្ញប្បទាន។

ឆ្លើយតបនឹងបញ្ហានេះ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុ នឹងត្រូវយកមកអនុវត្តដើម្បីកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ និងសេវាកម្មកសិកម្មនៅក្នុងឃុំចំនួន ១៨៦ ស្ថិតក្នុងខេត្តចំនួន ៧ ដែលរងគ្រោះខ្លាំងជាងគេ ក្នុងនោះរួមមាន ការធ្វើទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្ទៃដីកសិកម្ម ៧ពាន់ហិកតា និងការស្ដារឡើងវិញនូវផ្លូវគមនាគមន៍ប្រវែង ១៩០គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករ​ទៅកាន់ទីផ្សារ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ គម្រោងនេះក៏នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករលើការដាំដុះ សាកវប្បកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងផ្តល់ជំនួយឥតសំណងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីនាំចូលផងដែរ ដែលកិច្ចការទាំងនេះនឹង​រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានកម្ពុជាឱ្យកាន់តែរឹងមាំទៅមុខទៀត៕
ដោយ៖ទួន សុផល

ads banner