បាតុកម្មហិង្សាផ្ទុះរាលដាលដល់ប្រទេសអាល់បានី
ទីរ៉ាណា ៖ ការតវ៉ាហិង្សាថ្មីៗស្រដៀងនឹងហេតុការណ៍នៅបារាំងបានផ្ទុះឡើង នៅប្រទេសអាល់បានីនៃទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ បើទោះបីជាមានវិធានការទប់ស្កាត់ភាពចលាចលក៏ដោយ។
ក្រុមបាតុករបាននាំគ្នាសម្រុកចេញមកតាមដងផ្លូវ ក្នុងទីក្រុង Tirana នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានប្រកាសដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់រលកនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
នៅក្នុងពេលរសៀល ដែលមានភ្លៀងធ្លាក់, អ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខក្រសួងអប់រំ រួចបានដើរទៅកាន់ការិយាល័យរបស់លោក Rama ដោយបានដុតកៅអីមួយចំនួន ដែលលោក Rama បានដាក់ទុកនៅទីនោះ ក្នុងគោលបំណងអញ្ជើញភាគីអ្នកតវ៉ាឱ្យចូលរួមក្នុងការសន្ទនាជាមួយរដ្ឋាភិបាល។
នៅថ្ងៃអាទិត្យដដែលនោះ, លោក Rama បានដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់អំពើហិង្សា រួមទាំង ការផាកពិន័យជាទឹកប្រាក់ ៦,១៨៨ ដុល្លារអាមេរិក ទៅលើបុគ្គលគ្រប់រូប ដែលចូលរួមក្នុងការតវ៉ាណាមួយ ដែលប្រែទៅជាអំពើហិង្សា ទោះបីជាបុគ្គលនោះមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក៏ដោយ។
ក្រុមអ្នកតវ៉ាដែលក៏បានទាមទារឱ្យលោក Rama លាលែងពីតំណែង នាំគ្នាដុតបំផ្លាញអគាររដ្ឋាភិបាល និងធនាគារ, វាយបំបែកកញ្ចក់ហាងនានា ព្រមទាំង គាស់ដុំថ្មក្រាលផ្លូវយកទៅគប់លើប៉ូលិសទៀតផង។
បើតាម straitstimes, ភាពចលាចលនេះ កើតឡើងបន្ទាប់ពីមានការតវ៉ាដោយសន្តិវិធីជាច្រើនខែក្នុងរដូវក្តៅប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរដ៏ប្រណិតមួយ ដែលគាំទ្រដោយលោក Jared Kushner ជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
បាតុកម្មក៏បានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់លោក Rama ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១៣ និង បានឈ្នះអាណត្តិទី ៤ កាលពីឆ្នាំមុន។
ការតវ៉ាដែលដឹកនាំដោយនិស្សិត កើតមានឡើង ក៏ដោយសារតែការខឹងសម្បារចំពោះអំពើពុករលួយក្នុងជួររដ្ឋាភិបាល, កង្វះខាតការងារ និង គុណភាពអប់រំមិនល្អ ជាដើម៕
ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត