កូរ៉េខាងជើងប្តឹងប្រាប់ UN ថា កូរ៉េខាងត្បូងប្រឌិតរឿងផ្ទុះគ្រាប់មីន

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានផ្ញើលិខិត ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទប្រកាន់កូរ៉េខាងត្បូងថា បានប្រឌិតរឿងហេតុគ្រាប់មីន កាលពីខែកញ្ញា និងបានបង្កគ្រោះថ្នាក់ដល់កងទ័ពដែលកំពុងបំពេញការងារពង្រឹងព្រំដែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA ចេញផ្សាយ នៅថ្ងៃចន្ទនេះ។

បើតាម KCNA, តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានលើកឡើង នៅក្នុងលិខិតមួយ កាលពីថ្ងៃអាទិត្យថា ទីក្រុងសេអ៊ូលកំពុងប្រើប្រាស់រឿងហេតុគ្រាប់មីននេះ ដើម្បីបកស្រាយសកម្មភាពសាងសង់នៅតាមព្រំដែនរបស់ទីក្រុងព្យុងយ៉ាងថា ការឈ្លានពានផ្នែកយោធា។

នៅក្នុងលិខិតនោះ, កូរ៉េខាងជើងក៏បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបើកការបាញ់ប្រហារមកលើបុគ្គលិករបស់កូរ៉េខាងជើង ដោយចាត់ទុកសកម្មភាពនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត។

បើតាម reuters, បញ្ហានេះពាក់ព័ន្ធនឹងការផ្ទុះគ្រាប់មីន កាលពីថ្ងៃទី២១ ខែកញ្ញា នៅតំបន់គ្មានយោធា ហៅកាត់ DMZ រវាងកូរ៉េទាំងពីរ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងពីរនាក់រងរបួសធ្ងន់។

ក្រោយមក ទីក្រុងសេអ៊ូលបានបញ្ជាក់ថា ការផ្ទុះទាំងនោះបង្កឡើងដោយគ្រាប់មីនដែលកូរ៉េខាងជើងបានកប់នៅភាគខាងត្បូងនៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា ឬ Military Demarcation Line – MDL ដែលស្ថិតនៅក្នុងតំបន់ DMZ៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner