ថៃ មិនព្រមប្រគល់ចម្លាក់បុរាណដែលយកចេញពីប្រាសាទខ្នារមកឱ្យកម្ពុជាវិញទេ
ក្រសួងវប្បធម៌ថៃ បានបដិសេធការអំពាវរបស់កម្ពុជាឲ្យភាគីថៃប្រគល់មកវិញនូវចម្លាក់បុរាណ ដែលថៃបានដឹកចេញពីប្រសាទខ្នាររបស់ខ្មែរ ក្រោយការអនុវត្តបទឈប់បាញ់។ លោកស្រី Sabida Thaiseth រដ្ឋមន្រ្តីវប្បធម៌ថៃអះអាងដោយឥតអៀនខ្មាស់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីថៃ ហើយកាលពីខែឧសភា ឆ្នាំ២០២៦ ថៃក៏បានចុះបញ្ជីប្រាសាទទាំងពីរនេះជាបេតិកភណ្ឌបុរាណរបស់ខ្លួនផងដែរ។ ។
យោងតាមការចុះផ្សាយរបស់កាសែតថៃ ដែលដកស្រង់សម្តីរបស់លោកស្រី Sabida Thaiseth ភាគីថៃបានដឹកជញ្ជូនវត្ថុបុរាណខ្មែរចំនួន ២៨ ដុំចេញពីប្រាសាទខ្នារនៅដើមឆ្នាំ២០២៦ ដើម្បីយកទៅជួសជុសថែរក្សា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់បាននៅឡើយទេថា តើវត្ថុបុរាណខ្មែរណាខ្លះដែលបានបាត់បង់ ដោយសារទីតាំងប្រាសាទខ្នាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ។
ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរចេញពីប្រាសាទខ្នារ គឺជាអំពើខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងផ្ញើលិខិតតវ៉ាទៅភាគីថៃ ដើម្បីកសាងឯកសារផ្លូវច្បាប់ សម្រាប់ដោះស្រាយបញ្ហានេះនាពេលអនាគត ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។
បើតាមឯកឧត្តម ស៊ុំ ម៉ាប់ ផែនទីដែលជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោកបានបន្ថែមថា សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលភាគីថៃបានគូសដោយឯកតោភាគី ក៏បង្ហាញថាប្រាសាទនេះស្ថិតក្នុងដែនដីកម្ពុជាផងដែរ៕
សៅ សុខអេង

