សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដើម្បីដោះស្រាយជម្លោះតាមសន្តិវិធី និងច្បាប់អន្តរជាតិ

ក្នុងឱកាសរំលឹកខួប ១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃ សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង។

សម្តេចនាយករដ្ឋមន្រ្តីប្រកាសទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗ ខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។

លោក ហ៊ឹម រដ្ឋា នាយករងនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ យល់ឃើញថា សេចក្ដីប្រកាសសន្តិភាពកម្ពុជា-ថៃ ទីក្រុងកូឡាឡាំពួរ ជាឯកសារគោលមួយក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តបទឈប់បាញ់ និងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងស្ថិរភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

លោកយល់ឃើញថា គោលការណ៍សំខាន់ៗនានានៃសេចក្ដីប្រកាសសន្តិភាពនេះ ត្រូវបានភាគីពាក់ព័ន្ធទាំងអស់ រួមអាស៊ាន និងសហរដ្ឋអាមេរិក អនុវត្តជារឿយៗ។ គោលការណ៍សំខាន់ជាងគេនោះគឺ ការបង្កើតជាផ្លូវការនូវក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ការចូលរួមពីភាគីអាមេរិក ក៏ដូចជាសេចក្ដីប្រកាសសន្តិភាពទីក្រុងកួឡាឡាំពួរនេះហើយ ទើបកម្ពុជា និងសហរដ្ឋអាមេរិក អាចស្ដារទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ឹម រដ្ឋា។

សូមរំលឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី។ ក្រោយកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តតាមដានការវិវត្តស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

នៅថ្ងៃខួប១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរនេះដែរ លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើការជាមួយភាគីកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះ ព្រមទាំងធ្វើឱ្យការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែងក្លាយជាការពិត។ សម្រាប់រូបលោក កិច្ចព្រមព្រៀងនេះបានស្តែងឱ្យឃើញពីឥទ្ធិពលការទូតអាមេរិកក្នុងការដោះស្រាយជម្លោះ៕

ខន ណារី

ads banner