បុណ្យសមុទ្រឆ្នាំ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ នាខែធ្នូខាងមុខ
បុណ្យសមុទ្រឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវ ផ្សារភ្ជាប់ចីរភាពជីវៈចម្រុះតំបន់ឆ្នេរ»។ ឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រមួយនេះ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការអន្តរក្រសួង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ឱ្យប្រព្រឹត្តទៅដោយរលូន។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រចាប់ផ្តើមរៀបចំលើកដំបូងនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១១។ ពិធីបុណ្យប្រចាំឆ្នាំនេះតែងតែប្រារព្ធឆ្លាស់គ្នាឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួន គឺកំពត កែប ព្រះសីហនុ និងកោះកុង។
ប៉ុន្តែកាលពីឆ្នាំ២០២៥ ពិធីបុណ្យសមុទ្រ ដែលគ្រោងរៀបចំនៅខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកវិញ ដោយសារតែបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
ពិធីបុណ្យសមុទ្រចុងក្រោយនៅខេត្តកំពតកាលពីឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាសរុបចំនួនជាង ៣៨ម៉ឺននាក់។
ខេត្តព្រះសីហនុ ទើបបានដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ កាលពីខែកញ្ញា ឆ្នាំ២០២៦ ដោយមានចក្ខុវិស័យប្រែក្លាយខេត្តជាប់សមុទ្រមួយនេះ ទៅជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តលំដាប់អន្តរជាតិ៕
សៅ សុខអេង







