អ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះដ្រូន អាមេរិក ដែលលួចចម្លងតាមខ្លួន
តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងមានឈ្មោះថា LUCAS អំឡុងពេលហោះហើរពីលើដែនអាកាសក្បែរទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់អ៊ីរ៉ង់ ។
បើតាម Turkiye Today, យន្តហោះដ្រូន LUCAS របស់អាមេរិកដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នេះ ជាប្រភេទយន្តហោះដ្រូនអត្តឃាតផលិតឡើងដោយក្រុមហ៊ុនការពារជាតិអាមេរិក SpektreWorks និងលួចចម្លងម៉ូតតាមយន្តហោះដ្រូនអត្តឃាត Shahed-136 របស់អ៊ីរ៉ង់ ។
ប្រភពដដែលបញ្ជាក់ថា ដ្រូន LUCAS ដែលមានរូបរាងស្ទើរតែស្រដៀងនឹងដ្រូន Shahed 136 របស់អ៊ីរ៉ង់ មួយនេះមានតម្លៃចន្លោះពី ២ ម៉ឺនទៅ ៣ ម៉ឺនដុល្លារក្នុងមួយគ្រឿង ដែលជាតម្លៃទាបជាងយន្តហោះដ្រូនមុនៗរបស់ខ្លួន ប៉ុន្តែអាចមានសមត្ថភាពប្រយុទ្ធជាមួយអាវុធសត្រូវដែលមានតម្លៃថ្លៃ ។
ជាក់ស្ដែង វាអាចពាំក្បាលគ្រាប់បានទម្ងន់ចាប់ពី ១៨ គីឡូក្រាម រហូតដល់ ៥០ គីឡូក្រាម ជាមួយនឹងសមត្ថភាពអាចហោះបានចម្ងាយចន្លោះពី ៨០០ ទៅ ១ ពាន់គីឡូម៉ែត្រ និងអាចបំពេញបេសកកម្មលើអាកាសបានដល់ទៅ ៦ ម៉ោង ។
យ៉ាងណា ដ្រូន LUCAS ក៏មានចំណុចខ្សោយមួយចំនួនផងដែរ គឺវាមានល្បឿនយឺត និងអាចហោះក្នុងរយៈកម្ពស់ទាបប៉ុណ្ណោះ ។ បើតាម Aero Morning, ដ្រូន LUCAS អាចហោះហើរក្នុងល្បឿនត្រឹមតែប្រហែល ១៨០ ទៅ ២២០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដោយសារតែវាមានស្លាបចក្រនៅផ្នែកខាងក្រោយបង្អស់ ។
ល្បឿនយឺត និងការហោះហើរក្នុងកម្ពស់ទាបនេះ ធ្វើឲ្យវាងាយស្រួលក្នុងការបាញ់ទម្លាក់ដោយកាំភ្លើងប្រឆាំងយន្ត ឬប្រព័ន្ធមីស៊ីលការពារអាកាសរយៈចម្ងាយខ្លីជាដើម ។
ជាក់ស្ដែង ក្នុងការបាញ់ទម្លាក់យន្តហោះដ្រូន LUCAS នេះ អ៊ីរ៉ង់បានប្រើប្រាស់ត្រឹមតែប្រព័ន្ធមីស៊ីលការពារអាកាសរយៈចម្ងាយខ្លីប៉ុណ្ណោះ ។
ការអះអាងរបស់អ៊ីរ៉ង់ពីការបាញ់ទម្លាក់ដ្រូន LUCAS កើតមានឡើង ចំពេលដែលទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បានប្រុងជើងការកម្រិតខ្ពស់ ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់រួចហើយ ដោយរង់ចាំតែបទបញ្ជាពីសេតវិមានប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ៕
ប្រភព ៖ Turkiye Today ប្រែសម្រួល ៖ ឈឹម ទីណា