អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា
លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ និងបន្តធ្វើជាប្រចាំ ដើម្បីជួយដល់ជនភៀសសឹកកម្ពុជារាប់ពាន់គ្រួសារឱ្យត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ស្តារជីវភាពរស់នៅ និងកសាងអនាគតរបស់ពួកគេឡើងវិញដោយសេចក្តីថ្លៃថ្នូរ។
ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីលោកនាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា និងក្រុមការងារបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ កំពុងស្នាក់នៅបណ្តោះអាសន្នក្នុង “ភូមិរង់ចាំ” ដោយសារផ្ទះរបស់ពួកគាត់ស្ថិតនៅក្នុង តំបន់កាន់កាប់ដោយកម្លាំងយោធាថៃ ឬតំបន់មានគ្រាប់មិនទាន់ផ្ទុះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Oxfam លោក Amitabh Behar បានឮដោយផ្ទាល់ពីអ្នកភូមិដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ លោកលើកឡើងថា ទោះបីជាបទឈប់បាញ់បាននាំមកនូវក្តីសង្ឃឹម និងបញ្ចប់អំពើហិង្សាភ្លាមៗក៏ដោយ ប៉ុន្តែវិបត្តិនៅតែបន្តកើតមានសម្រាប់គ្រួសារជនភៀសសឹករាប់ពាន់គ្រួសារ។ ប្រជាពលរដ្ឋចង់វិលត្រឡប់ទៅផ្ទះ ដើម្បីកសាងជីវិតឡើងវិញ និងធានាអនាគតសម្រាប់កូនចៅរបស់ពួកគេ ប៉ុន្តែរឿងនេះត្រូវការអ្វីដែលលើសពីជំនួយសង្គ្រោះបន្ទាន់។
នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិបញ្ជាក់ថា ការវិនិយោគប្រកបដោយនិរន្តរភាពលើជីវភាពរស់នៅ ការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីដោយសុវត្ថិភាព ការបង្កើតការងារ និងការគាំទ្រដល់ការស្តារជីវភាពឡើងវិញក្នុងរយៈពេលវែង គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យគ្រួសារទាំងនោះអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងកសាងជីវិតឡើងវិញដោយមានសេចក្តីថ្លៃថ្នូរ។
នៅពេលដែលគ្រួសារភៀសសឹកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា អង្គការអុកស្វាមបានអំពាវនាវដល់អាជ្ញាធរជាតិ ស្ថាប័នក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងវិនិយោគលើដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលឆ្លើយតបតម្រូវការមនុស្សធម៌ភ្លាមៗ ព្រមទាំងជួយសម្រួលដល់ការកសាងសន្តិភាព ការស្តារឡើងវិញរយៈពេលវែង ភាពធន់ និងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ៕
សេង បារាំង AMS