រថយន្តឡិចសុីស បើកបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់២កង់ នៅមុខវត្តទួលទំពូង
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ កាលពីម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅខាងលិចជាប់របងវត្តទួលទំពូង តាមបណ្តោយផ្លូវ១៥៥កែង និងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ បើករថយន្តឡិចសុីស RX350 ពណ៌ស ផ្លាកលេខរដ្ឋ17.2.0845 ធ្វើដំណើរទិសដៅពីត្បូងទៅជើង មកដល់ចំណុច កើតហេតុ ដោយសារបើកលឿនពេកបួងចង្កូតមិនទាន់ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលេងរួច។ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ តៃកុងរថយន្តបង្កបានចុះរត់បាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕