រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង រងរបួសធ្ងន់ស្រាល៤នាក់ នៅតាខ្មៅ ខេត្តកណ្តាល

កណ្តាល៖ រថយន្តម៉ាករ៉េហ្វ័របើកដោយបុរសម្នាក់ បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តហាយលែនឌ័របុកពេញទំហឹង បណ្ដាលឲ្យរថយន្តហាយលែនឌ័រក្រឡាប់ រងរបួសធ្ងន់ស្រាលចំនួន៤នាក់ កាលពីវេលា១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះទាំង៤នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាករ៉េហ្វ័រស៊េរី២០០១  ពណ័ខ្មៅ ផ្លាកលេខភ្នំពេញ.2 Z2590 បានចតក្បាលទៅទិសខាងជើងជិតរោងការ ហើយក៏មានបុរសម្នាក់ចេញពីរោងការឡើងបើកបត់ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 2B.9460 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នងល្បឿនលឿន បានបុកពេញទំហឹងបណ្ដាលឲ្យរថយន្តរ៉េហ្វ័រវិលជាច្រើនជុំ រងការខូចខាតផ្នែកខាងស្តាំមួយចំហៀង និងដាច់កាឡេកង់មុខអស់មួយ តែមិនមានរងរបួសនោះទេ។

ចំណែកឯរថយន្តហាយលែនឌ័របានក្រឡាប់ និងមានផ្សែងហ៊ុយចេញពីម៉ាស៊ីន ពេលនោះប្រជាពលរដ្ឋយកបំពង់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា និងរងការខូចខាតស្ទើរតែទាំងស្រុង។ មួយសន្ទុះក្រោយមកក៏មានមនុស្សលូនចេញមកក្រៅ២នាក់ ហើយ២នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្តហាយលែនឌ័រ ៤នាក់ប្រុសទាំងអស់មកខាងក្រៅហើយហៅរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទាក់ទងជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការដ្ឋានខេត្តកណ្តាល រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner