អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

ម្ចាស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿង រំពឹងថា ខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» នឹងអាច​ឈានជើងទៅកាន់​ឆាកអន្តរជាតិ ដើម្បីទម្លាយ​ការ​ពិតជុំវិញទុក្ខវេទនា និងអំពើឃោរឃៅរបស់ទាហាន​ថៃមកលើជនភៀសសឹកខ្មែរ ក្រោយការដួលរលំនៃ​របប​​ខ្មែរក្រហម។

វណ្ណកម្មប្រវត្តិសាស្ត្រពិត ដែលមានចំណង​ជើង«សោកនាដកម្មភ្នំខ្មោច» ត្រូវបានផលិតឡើង​យ៉ាងសម្រិតសម្រាំងដើម្បីទម្លាយការពិត ពីទុក្ខវេទនា​របស់​ប្រជាពលរដ្ឋខ្មែរ ដែលបានរត់ភៀសខ្លួនស្វែង​រក​សុវត្ថិភាពនៅប្រទេសទី៣ ប៉ុន្តែបែរជាត្រូវរងគ្រោះ និង​ទទួលរងភាពអយុត្តិធម៌​យ៉ាងធ្ងន់ធ្ងរ​ពីសំណាក់ទាហាន​ថៃ។ លើសពីនេះ ភាពយន្តនេះ​ក៏នឹងបកស្រាយតបជុំវិញ​ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា «រមិលគុណ» ដោយ​បង្ហាញឱ្យឃើញច្បាស់ថា កម្ពុជា​មិន​ដែលជំពាក់គុណថៃនោះឡើយ ពោលគឺភាគីថៃទៅ​វិញ​ទេដែលជាអ្នកធ្វើបាប និងប្រព្រឹត្តអំពើដ៏​សាហាវ​ឃោរ​ឃៅមកលើជនភៀសសឹកកម្ពុជា។

ខណៈខ្សែភាពយន្តត្រៀមនឹងចាក់បញ្ចំង លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានអំពាវនាវ​ដល់ប្រជា​ពល​រដ្ឋ​​ខ្មែរគ្រប់រូបចូលរួមគាំទ្រ និងទស្សនាភាពយន្ត​នេះឱ្យ​បាន​ច្រើនកុះករ ដើម្បីជ្រួតជ្រាបពីប្រវត្តិសាស្ត្រពិត​នៅ​តំបន់​ភ្នំខ្មោចនៃជួរភ្នំដងរែក។ លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចង់ឃើញ​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយនេះ មានវត្តមាននៅលើបណ្តាញភាពយន្ត​ពិភពលោក Netflix ទាល់តែមានការចូលរួមគាំទ្រ​យ៉ាងច្រើនពីមហាជន ដើម្បីបង្កើតទិន្នន័យទស្សនា​តាមការកំណត់របស់ Netflix ដែលអាចធ្វើឱ្យរឿង​នេះក្លាយជាមាតិកាសកលលោក។

បើតាមអ្នកដឹកនាំភាពយន្តរូបនេះ ការជួយជ្រោមជ្រែង​ពីទស្សនិកជន មិនត្រឹមតែនាំយករឿងរ៉ាវពិតទៅបង្ហាញ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាស្ពានបើកផ្លូវ​ឱ្យវិស័យភាពយន្តខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិទៀតផង។

សូមជម្រាបថា សាច់រឿងនៃភាពយន្ត «សោកនាដកម្មភ្នំ​ខ្មោច» ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវពិតក្នុងសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានរៀបរាប់ពីបទពិសោធន៍ និងការ​រស់រានមានជីវិតយ៉ាងប្រផិតប្រផើយរបស់លោក ក្នុង​អំឡុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្នាំ១៩៧៩។

ពាក់ព័ន្ធនឹងការផលិតភាពយន្តនេះដែរ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ អតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​លើកឡើងថា ស្នាដៃនេះមិន​មែនត្រឹមតែជាសិល្បៈ​ទោលនោះទេ ប៉ុន្តែជាចំណុចប្រសព្វរវាងប្រវត្តិសាស្ត្រ នយោបាយ សិទ្ធិមនុស្ស និងការគ្រប់គ្រងអនុស្សាវរីយ៍​សង្គម ខណៈដែលភាគីថៃតែងតែព្យាយាមរក្សាដំណើរ​រឿងអតីតកាលថា ខ្លួនជាអ្នកផ្តល់ជំនួយ ហើយមិនមែន​ជាភាគីពាក់ព័ន្ធ ក្នុងវិបត្តិនេះឡើយ។

ឯកឧត្តមបានពន្យល់ថា «ភ្នំខ្មោច» គឺជាឈ្មោះដែល​ប្រជាជនខ្មែររស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្បែរ​ប្រាសាទ​ព្រះវិហារ បានហៅតំបន់ភ្នំមួយ ដែលជាប់​ពាក់ព័ន្ធ​នឹងការសម្លាប់រង្គាលយ៉ាងសាហាវលើ​ជន​ស៊ីវិលខ្មែរ រាប់សែននាក់ដែលបានរត់ភៀសខ្លួនពី​សង្គ្រាម និងរបបខ្មែរក្រហម នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០។

ទោះជាកន្លងមក មជ្ឈមណ្ឌលព័ត៌មានថៃបានចេញមុខ​ប្រតិកម្ម និងចោទប្រកាន់ថា ខ្សែភាពយន្តនេះមិនឆ្លុះ​បញ្ចាំងពីការពិត ព្រមទាំងអាច​ញុះញង់ឱ្យមានការស្អប់​ខ្ពើមរវាងប្រជាជននៃប្រទេសទាំងពីរយ៉ាងណាក្តី ក៏​លោក លៀក លីដា បានអះអាងច្បាស់ៗថា ភាពយន្ត​នេះត្រូវ​បានផលិតឡើងដោយផ្អែកលើរឿងរ៉ាវ​ពិតជាក់​ស្តែងទាំងស្រុង។

សូមជម្រាបថា ភាពយន្តប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ គ្រោងនឹងដាក់បញ្ចាំងជាផ្លូវការ​នៅចុងឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ទួន សុផល

ads banner