អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

តំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយជាតំបន់ដែលទាក់ទាញកសិករ និងអ្នកវិនិយោគឱ្យងាកមកដាំដំណាំកាហ្វេ ដោយសារមានលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងមានតម្រូវការទីផ្សារខ្ពស់។ ការដាំកាហ្វេចំណាយដើមទុនទាប ហើយទទួលផលចំណេញមកវិញលឿនជាងដំណាំដទៃទៀត។
 
ប្រជាពលរដ្ឋជាច្រើនបានងាកមកចាប់អារម្មណ៍លើដំណាំកាហ្វេ ដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។ លោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេមួយកន្លែងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន លោកបានដាំកាហ្វេពូជ អារ៉ាប៊ីកា (Arabica) និងរ៉ូប៉ូស្តា (Robusta) លើផ្ទៃដីជាង ១៤០ហិកតា ក្នុងនោះជាង៨០ហិកតាកំពុងផ្តល់ផល។
 
ពូជ​ រ៉ូប៉ូស្តា អាចផ្តល់ទិន្នផលខ្ពស់ ចំណែកពូជអារ៉ាប៊ីកា ត្រូវការរយៈពេលខ្លី ដោយអាចចាប់ផ្តើមផ្តល់ផលប្រមាណ ១៨ខែបន្ទាប់ពីដាំ។ ជាទូទៅ ពូជអារ៉ាប៊ីកាត្រូវការលក្ខខណ្ឌភូមិសាស្ត្រសមស្រប ជាពិសេសតំបន់ដែលមានរយៈកម្ពស់ពី ៤០០ទៅ ១ ០០០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដើម្បីទទួលបានរសជាតិល្អ។ ប៉ុន្តែ ដោយសារតំបន់អូរសោមមានសំណើមខ្ពស់ និងព្រៃឈើសម្បូរបែប ការដាំដុះនៅរយៈកម្ពស់ត្រឹម ៣០០ម៉ែត្រក៏អាចទទួលបានផលល្អផងដែរ។
 
លោក លៀង ពេជ្រ បានបញ្ជាក់ថា ការដាំកាហ្វេមិនអាចធ្វើឡើងដោយមិនគិតគូរពីលក្ខខណ្ឌភូមិសាស្ត្រនោះទេ ពោលគឺត្រូវពិចារណាទាំងរយៈកម្ពស់ និងប្រភេទដី ដើម្បីធានាថាដំណាំអាចផ្តល់ផលតាមការរំពឹងទុក។
 
បច្ចុប្បន្ន ការផ្គត់ផ្គង់កាហ្វេនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនៅឡើយទេ ព្រោះមានតម្រូវការខ្ពស់ និងមានក្រុមហ៊ុនជាច្រើនបានទាក់ទងទិញ។ ចំពោះតម្លៃ កាហ្វេស្រស់ដែលទើបបេះពីដើម គឺប្រមាណ៤ ០០០រៀលក្នុងមួយគីឡូក្រាម។
 
ដើមកាហ្វេអាយុ១៨ខែ ចាប់ផ្តើមផ្តល់ផល ពី ២ទៅ៥តោនក្នុងមួយហិកតា។ ចាប់ពីអាយុ ៥ឆ្នាំដល់១០ឆ្នាំ ទិន្នផលអាចកើនឡើងពី ៥ទៅ១០តោនក្នុងមួយហិកតា។ ចំពោះការវិនិយោគដាំដុះវិញ គឺចំណាយដើមទុនក្នុងមួយហិកតាប្រមាណ ៤ ៥០០ដុល្លារ ឬតិចជាងនេះ ដោយរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធទឹក ការដាក់ជី និងការថែទាំផ្សេងៗ។ ប្រាក់ចំណូលក្នុងមួយហិកតាអាចមានប្រមាណ ៥ ០០០ដុល្លារនៅឆ្នាំដំបូង ហើយអាចកើនដល់ ១ម៉ឺនដុល្លារឬលើសនេះ ចាប់ពីឆ្នាំទី៥ឡើងទៅ។ ដំណាំកាហ្វេមិនត្រូវការការថែទាំច្រើនពេកនោះទេ។
 
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានឱ្យដឹងថា គិតត្រឹមជិតពាក់កណ្តាលឆ្នាំ២០២៦ ផ្ទៃដីដាំកាហ្វេនៅកម្ពុជាបានកើនឡើងដល់ជិត ១ពាន់ហិកតា ហើយនៅចុងឆ្នាំ២០២៦ ផ្ទៃដីដាំដុះអាចកើនឡើងបន្ថែមទៀតពី ៥០០ទៅ៦០០ហិកតា។ កសិករភាគច្រើនដាំកាហ្វេនៅខេត្តមណ្ឌលគិរី និងរតនគិរី។ ក្រៅពីនេះ ក៏មានការដាំដុះនៅតំបន់អូរសោម ខេត្តពោធិ៍សាត់ ខេត្តកោះកុង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ចាមផងដែរ ប៉ុន្តែផ្ទៃដីដាំដុះនៅតំបន់ទាំងនេះមិនទាន់មានច្រើននៅឡើយទេ។
 
ដោយឡែក របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតកម្មកាហ្វេនៅកម្ពុជាក្នុងឆ្នាំ២០២៥ មានចំនួនសរុបជាង ១ ៣១៤តោន ហើយទិន្នផលជាមធ្យមមានចំនួន ២,៥០តោនក្នុងមួយហិកតា៕
 
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner