ប៉ូឡូញ ប្រឈមកង្វះពីឡុតបើកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ
វ៉ាសូវី ៖ ប៉ូឡូញកំពុងប្រឈមមុខនឹងកង្វះពីឡុតបើកយន្តហោះចម្បាំង F-16 និងឧទ្ធម្ភាគចក្រប្រយុទ្ធ ខណៈដែលប្រទេសសមាជិកអង្គការណាតូមួយនេះ ជំរុញពន្លឿនការពង្រីកអំណាចយោធាយ៉ាងឆាប់រហ័ស ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី ។
បញ្ហាកង្វះពីឡុតបើកយន្តហោះកាន់តែស្មុគស្មាញ ដោយសារអ្នកបើកយន្តហោះចម្បាំង F-16 ដែលមានបទពិសោធន៍មួយចំនួន ត្រូវបានផ្ទេរទៅបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលប៉ូឡូញកំពុងទទួលបានជាបន្តបន្ទាប់ ។
បើតាម Anadolu, កងទ័ពអាកាសប៉ូឡូញមានយន្តហោះចម្បាំង F-16 ចំនួន ៤៧ គ្រឿង ប៉ុន្តែមានអ្នកបើកយន្តហោះដែលបានបញ្ចប់ការបណ្តុះបណ្តាលមានត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ ។ ដូច្នេះ ប៉ូឡូញត្រូវការអ្នកបើកយន្តហោះយ៉ាងហោចណាស់ ៧០ នាក់ ដើម្បីអាចប្រតិបត្តិការកងយន្តហោះចម្បាំងទាំងនេះប្រកបដោយប្រសិទ្ធភាព ។
យ៉ាងណា តួលេខទាំងនេះមិនមែនជាទិន្នន័យផ្លូវការនោះទេ ដោយសារក្រសួងការពារជាតិប៉ូឡូញចាត់ទុកព័ត៌មានអំពីចំនួនអ្នកបើកយន្តហោះដែលបានបណ្តុះបណ្តាល និងគ្រូបង្ហាត់ ជាព័ត៌មានសម្ងាត់ ។
ប្រភពដដែលឱ្យដឹងថា ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16 ថ្មីម្នាក់ ត្រូវចំណាយពេលប្រហែលពីរឆ្នាំ ដែលធ្វើឱ្យការដោះស្រាយបញ្ហាកង្វះអ្នកបើកយន្តហោះផលិតដោយអាមេរិកមួយនេះ មិនអាចសម្រេចបានក្នុងរយៈពេលខ្លីឡើយ ។
ក្រៅពីខ្វះពីឡុតបើកយន្តហោះចម្បាំង, ប៉ូឡូញក៏ត្រូវបានរាយការណ៍ថា កំពុងប្រឈមនឹងបញ្ហាកង្វះអ្នកបើកឧទ្ធម្ភាគចក្រ AH-64E Apache ផងដែរ ខណៈកងកម្លាំងប្រដាប់អាវុធមានគោលដៅបណ្តុះបណ្តាលពីឡុតរហូតដល់ ៤០០ នាក់ ដើម្បីបំពេញតម្រូវការប្រតិបត្តិការនាពេលអនាគត ។
ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប៉ូឡូញបានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង ការចំណាយផ្នែកយោធារបស់ប៉ូឡូញ ត្រូវបានរំពឹងថា នឹងឈានដល់ ៤,៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៦ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
