នាវាដឹកប្រេងម៉ាស៊ូតរុស្ស៊ី ៣គ្រឿង ឆ្ពោះទៅអាមេរិក ទោះកំពុងរងទណ្ឌកម្មពីអឺរ៉ុប
មូស្គូ ៖ ទោះបីជាកំពុងរងទណ្ឌកម្មពីអឺរ៉ុប, នាវាដឹកប្រេងម៉ាស៊ូតរបស់រុស្ស៊ីចំនួន ៣ គ្រឿងបានចាប់ផ្តើមធ្វើដំណើរ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូ និងរបាយការណ៍ពីប្រព័ន្ធតាមដាននាវា ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែតុលាថា «បច្ចុប្បន្ននេះ មាននាវាដឹកប្រេងចំនួន ៣ គ្រឿង» ដែលផ្ទុកប្រេងឥន្ធនៈរបស់រុស្ស៊ី កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា នាវាទី ៤ មួយគ្រឿងទៀតត្រូវបានគេរំពឹងថា នឹងចេញដំណើរ នៅថ្ងៃពុធនេះ។
យោងតាមវេទិកាតាមដាននាវា Kpler, នាវាទាំង ៣ គ្រឿងនោះរួមមាន នាវា Talisman (ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប), នាវា Leruo (ដែលស្ថិតក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប) និងនាវា Agioi Fanendes។
ក្រុមហ៊ុនតាមដាននាវាចរណ៍ Kpler បានឱ្យដឹងថា នាវាទាំងនេះកំពុងដឹកប្រេងម៉ាស៊ូតសរុបចំនួន ៩២ម៉ឺន៤,០០០ បារ៉ែល ដែលបរិមាណនេះស្មើនឹងប្រហែលមួយភាគបីនៃការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅក្នុងវិស័យដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។
នៅខែតុលានេះ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរនឹងការដែលទីក្រុងមូស្គូបញ្ចេញប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោក។
វិធានការនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងមួយដើម្បីបន្ថយតម្លៃប្រេងឥន្ធនៈសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៣ ខែវិច្ឆិកា។ យ៉ាងណាមិញ សកម្មភាពនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទំនាក់ទំនងរវាងទីក្រុង Kyiv និងទីក្រុង Washington បានធ្លាក់ចុះចាប់តាំងពីមានកិច្ចព្រមព្រៀងទិញលក់ប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅសកម្មភាពនេះថាជា «ការសម្រេចចិត្តដ៏ខ្សោយមួយ»។
យោងតាមទិន្នន័យតាមដាន, នាវាទាំង ៣ គ្រឿងនេះបានចាកចេញពីកំពង់ផែ Primorsk របស់រុស្ស៊ី នៅចន្លោះថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ហើយត្រូវបានគេរំពឹងថា នឹងមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា៕
ប្រភព ៖ APF ប្រែសម្រួល ៖ សារ៉ាត
