អ៊ីរ៉ង់ ប្រាប់ រុស្ស៊ី ថា មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហាបាន ដោយមិនចាំបាច់មានអាមេរិក
មូស្គូ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់សមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារថា តំបន់មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។
លោក Pezeshkian បានថ្លែងនៅក្នុងជំនួបជាមួយលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ឬ Gas Exporting Countries Forum ក្នុងទីក្រុងមូស្គូថា «ខ្ញុំជឿជាក់ថា យើងមានសមត្ថភាពដោះស្រាយបញ្ហារបស់យើងនៅក្នុងតំបន់នេះ ដោយមិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិកទេ»។
លោកបានប្រាប់លោក ពូទីន ថា «ពាណិជ្ជកម្មរបស់យើងកំពុងពង្រីក និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់យើង ក្នុងការឆ្ពោះទៅរកពហុភាគីនិយមឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយលោក ក៏ដូចជាប្រទេសដទៃទៀត ដែលកំពុងរងទណ្ឌកម្មឯកតោភាគីពីសហរដ្ឋអាមេរិក»។
លោក ពូទីន បានឱ្យដឹងថា លោកបានពិភាក្សាអំពីសង្គ្រាមជាមួយលោក Pezeshkian ដោយបង្ហាញក្តីសង្ឃឹមថា ស្ថានភាពនឹងមានភាពប្រសើរឡើង។
លោក ពូទីន បាននិយាយថា «យើងបានពិភាក្សាគ្នាជាមុនរួចហើយ ដោយផ្ទាល់រវាងភាគីទាំងពីរ អំពីស្ថានភាពនៅក្នុងតំបន់ ដែលជាស្ថានភាពមួយពិតណាស់ថា មិនអាចជៀសផុតពីការបង្កឱ្យមានក្តីបារម្ភនោះទេ»។ លោកបានបន្ថែមដោយសង្ឃឹមថា ស្ថានភាពនេះនឹង «វិវត្តទៅក្នុងទិសដៅវិជ្ជមាន»។
លោក Pezeshkian បានសម្តែងទំនុកចិត្តដែរថា ភាគីទាំងពីរមានឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ឧស្សាហកម្ម វប្បធម៌ សន្តិសុខ និងកិច្ចការយោធា។
ទីក្រុងមូស្គូបានព្យាយាមដើរតួជាអ្នកសម្របសម្រួល ដើម្បីជួយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ដោយលោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីគឺ «ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងវិញ» ខណៈដែលការចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងជាប់គាំង។
ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រុស្ស៊ី និងអ៊ីរ៉ង់ «មិនដែល» មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបែបនេះពីមុនមកទេ។
ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ខណៈដែលទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានគំរាមកំហែងថានឹងបន្តការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឡើងវិញ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
