ឥណ្ឌូនេស៊ី និងសិង្ហបុរី ព្រមព្រៀងបង្កើតក្រុមការងាររួម ដើម្បីចាត់ការក្រុមហ៊ុនបង្កភ្លើងឆេះព្រៃប៉ះពាល់សុខភាពប្រជាជន
ហ្សាការតា ៖ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានព្រមព្រៀងបង្កើតក្រុមការងាររួមមួយ ដើម្បីចាត់វិធានការលើក្រុមហ៊ុននានា ដែលទទួលខុសត្រូវចំពោះការបង្កឱ្យមានភ្លើងឆេះព្រៃ ដែលបង្កើតជាផ្សែងអ័ព្ទប៉ះពាល់សុខភាពប្រជាជនហោះហើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃអង្គារ ។
បើតាមស៊ីនហួរ, ក្រោយបញ្ចប់ជំនួបទ្វេភាគីជាមួយប្រមុខការទូតកំពូលសិង្ហបុរី លោក Vivian Balakrishnan, រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Arrmanatha Nasir បានបញ្ជាក់ថា ក្រុមការងាររួមនេះ នឹងដើរតួនាទីសម្របសម្រួលការចែករំលែកព័ត៌មាន ការស៊ើបអង្កេតព័ត៌មានហិរញ្ញវត្ថុ និងការប្រមូលភស្តុតាងឆ្លងដែន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ទន្ទឹមគ្នា ប្រទេសទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយទប់ស្កាត់ក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងការបង្កឱ្យមានភ្លើងឆេះព្រៃ ជាពិសេសទប់ស្កាត់កុំឱ្យកើតមានភ្លើងឆេះព្រៃសាជាថ្មី ដែលបណ្តាលឱ្យមានផ្សែងអ័ព្ទប៉ះពាល់សុខភាពប្រជាជនហោះហើររាលដាលឆ្លងកាត់ព្រំដែន ។
ជំនួបទ្វេភាគីរវាងប្រមុខការទូតកំពូលទាំងពីរ កើតឡើងចំពេលដែលប្រទេសឥណ្ឌូនេស៊ីបានប្រឈមមុខនឹងការលំបាកអស់រយៈពេលជាច្រើនខែ ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ដែលបណ្តាលឱ្យមានការខឹងសម្បារ និងការតវ៉ាពីសំណាក់ប្រជាជនក្នុងតំបន់ ។
យោងតាមអង្គការតាមដានការកាប់បំផ្លាញព្រៃឈើ Nusantara Atlas, ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី បានបង្កការបំផ្លិចបំផ្លាញផ្ទៃដីអស់ជាង ១,៩ លានហិកតា ក្នុងរយៈពេល ៩ ខែប៉ុណ្ណោះ ពោលនៅត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

