អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក បំពេញតាមលក្ខខណ្ឌរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម
តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃអង្គារ បានទាមទារឱ្យគូជម្លោះសហរដ្ឋអាមេរិក បំពេញតាមលក្ខខណ្ឌរបស់ប្រទេសខ្លួន ដែលបានប្រកាសក្នុងពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្គ្រាម ។
ការទាមទាររបស់លោក Khamenei ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនផែនការថ្មីមួយទៅកាន់គូជម្លោះសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា តាមរយៈអ្នកសម្របសម្រួល នៅក្រៅកិច្ចប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។
ក្រោមផែនការនេះ អ៊ីរ៉ង់បានស្នើឱ្យបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ ហ័រមូស ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ ហើយថែមទាំងទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ មុនពេលឈានទៅរកកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះ ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះតាមគេហទំព័ររបស់ខ្លួន មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងអំពាវនាវឱ្យការពារសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ និងសិទ្ធិរបស់អ្វីដែលទីក្រុងតេហេរ៉ង់ហៅថា «រណសិរ្សតស៊ូ» ក្នុងតំបន់ ។
ដោយពណ៌នាស្ថានភាពបច្ចុប្បន្នថា «មិនមែនសង្គ្រាម ហើយក៏មិនមែនសន្តិភាព» លោក Khamenei បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការបំពេញលក្ខខណ្ឌដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានកំណត់ ស្ថិតក្នុងគោលបំណងបញ្ចប់សង្គ្រាម ។
សូមរម្លឹកថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារតបតវិញ ដោយប្រើមីស៊ីល និងយន្តហោះដ្រូនជាបន្តបន្ទាប់ សំដៅលើគោលដៅអ៊ីស្រាអែល ព្រមទាំងមូលដ្ឋាន និងទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ។ ទន្ទឹមគ្នា អ៊ីរ៉ង់ក៏បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ផងដែរ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
