អាល្លឺម៉ង់ប្តេជ្ញាបន្តជួយជំរុញការងារវិមជ្ឈការនៅកម្ពុជា ខណៈមេដឹកនាំមហាផ្ទៃកម្ពុជា រំលេចសមិទ្ធផលបង្ក្រាបបទល្មើសអនឡាញជូនទូតថ្មី
រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងជាថ្មីនូវឆន្ទៈមុតមាំក្នុងការបន្តគាំទ្រកម្ពុជាលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈភាគីកម្ពុជាបានចែករំលែកពីផ្លែផ្កានៃការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ព្រមទាំងលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន NCDD បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៧ តុលា។ នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ពេញចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារជ្រោមជ្រែងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា ទោះបីជាទើបតែមកកាន់មុខតំណែងថ្មី ប៉ុន្តែលោកស្រីបានសិក្សាស្រាវជ្រាវច្រើនអំពីទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសលទ្ធផលនៃការគាំទ្រកំណែទម្រង់វិមជ្ឈការ ព្រមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសអាល្លឺម៉ង់ និងស្វីស កាលពីឆ្នាំ២០២៤ កន្លងទៅ។ លោកស្រីបានបន្ថែមថា អាល្លឺម៉ង់មានគម្រោងជាច្រើនទៀតដែលត្រូវបន្តអនុវត្តរួមគ្នាជាមួយកម្ពុជាចាប់ពីពេលនេះតទៅ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីភាគីអាល្លឺម៉ង់។ ឯកឧត្តម បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ដូចជាការរៀបចំរចនាសម្ព័ន្ធដាច់ដោយឡែក ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារ សេវាជាង ៨០០ប្រភេទ ព្រមទាំងធនធាន និងថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ តួយ៉ាង មូលនិធិឃុំ-សង្កាត់ បានកើនឡើង ពីមធ្យមភាគប្រមាណ ២ម៉ឺនដុល្លារក្នុងឆ្នាំ២០០២ រហូតដល់ប្រមាណ ២០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៦ នេះ។
ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានចែករំលែកនូវព័ត៌មានសំខាន់ៗអំពីប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៦ នេះ កម្ពុជាបានបណ្តេញចេញ និងសម្រួលការចាកចេញដោយស្ម័គ្រចិត្តរបស់ជនបរទេសប្រមាណ ៥០ម៉ឺននាក់ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបានប្រមាណ ៤០០កន្លែង និងបានដកអាជ្ញាបណ្ណកាស៊ីណូស្របច្បាប់ចំនួន ៦កន្លែង ដែលលួចបង្កប់ល្បែងភ្នាល់អនឡាញ។ កម្ពុជាក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិក ចិន អូស្ត្រាលី កូរ៉េ ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស និងដៃគូនានា ក្នុងការឃាត់ខ្លួនមេខ្លោង ព្រមទាំងមន្ត្រីកម្ពុជាដែលមានការពាក់ព័ន្ធផងដែរ។
លោកស្រី SILKE RÖFER ក៏បានថ្លែងអរគុណចំពោះការចែករំលែកព័ត៌មានលម្អិតទាំងនេះ និងបានអះអាងថានឹងនាំយកបច្ចុប្បន្នភាពទាំងនេះទៅរាយការណ៍ជូនរដ្ឋាភិបាលអាល្លឺម៉ង់ ក្រុមអ្នកវិនិយោគ និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត៕ ទួន សុផល

