រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសរំលេចថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តមប្ដេជ្ញាចិត្តនឹងខិតខំពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
កាលពីថ្ងៃទី២៧ ខែតុលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ីស៊ីហ្សូគី ហ៊ីដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តម ប្ដេជ្ញាចិត្តនឹងខិតខំពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។
ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុននៅកម្ពុជា ជាឯកអគ្គរាជទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួប។
ឯកឧត្តមអ្នកនាំពាក្យដដែលបានបន្តថា ឯកអគ្គរាជទូតជប៉ុនបានសរសើរនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានរំលេចផងដែរថា កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន។ សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ សម្ដេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្ដេចបន្ថែមថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ៕


