ចំណាយអាមេរិកលើសង្គ្រាមអ៊ីរ៉ង់ កើនដល់ ៤៧ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់បានកើនឡើងដល់ជាង ៤៧ ពាន់លានដុល្លារហើយ។ នេះបើយោងតាមការប៉ាន់ប្រមាណ របស់ក្រសួងការពារជាតិអាមេរិក។
ផ្អែកតាមទិន្នន័យរបស់មន្ទីរប៉ង់តាហ្គោន ដែលទទួលបានដោយភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះ, យោធាសហរដ្ឋអាមេរិកបានចំណាយប្រាក់អស់ជាង ៤៧ ពាន់លានដុល្លារហើយ រហូតមកដល់ពេលនេះ ដើម្បីធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាចំនួនកើនឡើងជាង ២៥% បើធៀបនឹងការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិអាមេរិក កាលពីខែកក្កដា។
ក្រសួងការពារជាតិអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការប៉ាន់ប្រមាណនេះទេ ខណៈដែលទិន្នន័យចុងក្រោយនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។
ការទម្លាយព័ត៌មានអំពីការកើនឡើងនៃចំណាយសង្គ្រាមអ៊ីរ៉ង់នេះ បានកើតឡើងចំពេលដែលគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងផលប៉ះពាល់ផ្នែកនយោបាយពីសង្គ្រាម នៅមុនការបោះឆ្នោត ថ្ងៃទី ៣ ខែវិច្ឆិកា ដែលជាការបោះឆ្នោតកំណត់ការគ្រប់គ្រងសភាជាតិ សម្រាប់អាណត្តិ ២ ឆ្នាំខាងមុខ។
ផលប៉ះពាល់នៃសង្គ្រាមលើតម្លៃថាមពលសកលបានធ្វើឲ្យថយចុះនូវការគាំទ្រដល់បេក្ខជនគណបក្ស និងបានប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតី Donald Trump។
ការប៉ាន់ប្រមាណចុងក្រោយនេះ ត្រូវគេប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីខែកក្កដា ដែលកាលណោះ អះអាងថា មានចំនួន ៣៧.៥ពាន់លានដុល្លារ សម្រាប់ថ្លៃចំណាយលើសង្គ្រាម៕
ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត