ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តយុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពវៃឆ្លាត និងការទទួលខុសត្រូវ ដើម្បីជាជំនួយដល់ការរៀនសូត្រ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប បានក្រើនរំលឹកដល់យុវជនទាំងអស់ មិនត្រូវផ្តោតត្រឹមការទន្ទេញមេរៀនបែបបុរាណនោះឡើយ គឺត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានត្រឹមត្រូវ ដើម្បីជាឧបករណ៍ជំនួយស្មារតី ក្នុងការគិត វិភាគ និងស្វែងរកដំណោះស្រាយថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការទទួលខុសត្រូវ។

នាឱកាសសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា ២០២៥-២០២៦ មកពីខេត្តព្រះសីហនុ កំពត និងកែប នាល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សជ័យលាភីនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយពេលនេះត្រូវចាប់ផ្តើមដំណើរជីវិតថ្មីមួយទៀត។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ អាណាព្យាបាលសិស្ស ចំពោះកិច្ចខិតខំប្រឹងប្រែងជ្រោមជ្រែងឱ្យសិស្សបានរៀនចប់ចុងចប់ដើម និងសូមអរគុណដល់រដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ជោគជ័យរបស់សិស្សម្នាក់ៗមិនដូចគ្នានោះទេ ទោះបីជាសិស្សខ្លះទទួលបានពិន្ទុខ្ពស់ ឬទាបជាងគ្នាបន្តិចបន្តួច ប៉ុន្តែការខិតខំប្រឹងប្រែងរហូតដល់ទីបញ្ចប់ គឺជាជោគជ័យដ៏ធំធេងមួយសម្រាប់ពួកគេរួចទៅហើយ ។

ក្នុងសម័យកាលដែលពិភពលោក កំពុងវិវត្តន៍យ៉ាងលឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់យុវជនទាំងអស់មិនត្រូវផ្តោតត្រឹមការទន្ទេញមេរៀនបែបបុរាណនោះឡើយ គឺត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានត្រឹមត្រូវ ដើម្បីជាឧបករណ៍ជំនួយស្មារតី ក្នុងការគិត វិភាគ និងស្វែងរកដំណោះស្រាយថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការខិតខំកែលម្អ និងបែងចែកផលនៃទ្រព្យសម្បត្តិសង្គមឱ្យបានសមធម៌ដល់ប្រជាពលរដ្ឋគ្រប់រូប ដូចជាការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុខុមាលភាពសង្គមផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យមានសុខភាពល្អ និងបន្តទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀតក្នុងថ្នាក់ឧត្តមសិក្សា និងដំណើរជីវិតការងារនាពេលអនាគត ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រីសម្បត្ត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner