រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ ១៤ ក្រោមទុនជាង ២៣៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៤ ដែលមានទុនវិនិយោគសរុបជាង ២៣៧ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ២,៧០០ កន្លែង។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកទី២៨ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ចទាំង ១៤ ខាងលើ។ គម្រោងទាំងនោះរួមមាន៖ គម្រោងអគារពហុមុខងារ, គម្រោងសណ្ឋាគារ, សួនឧស្សាហកម្ម, ភណ្ឌាគារគយមានដែនកំណត់, រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ, រោងចក្រផលិតកាវ និងរោងចក្រផលិតឧបករណ៍វេជ្ជសាស្ត្រ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ក្រៅពីការអនុម័តលើកទឹកចិត្ត ក្រុមការងារបាន និងកំពុងដឹកនាំសម្របសម្រួលការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ ក្នុងការពិនិត្យសម្រេចផ្តល់ការលើកទឹកចិត្តពិសេស, ផ្តល់សេវាថែទាំវិនិយោគ, បន្តនីតិវិធីផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ផ្តល់ការប្រឹក្សាយោបល់ និងធ្វើការផ្សព្វផ្សាយប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព។ កិច្ចការនេះធ្វើឡើងដើម្បីជំរុញការវិនិយោគលើគម្រោងអគារជាប់គាំង ព្រមទាំងគម្រោងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ក្រោមកិច្ចសហការស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ។
គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៦ នេះ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុបចំនួន ៥១១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨.៥ ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារបានជាង ៦ ម៉ឺនកន្លែង។ ក្នុងនោះរួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៨ គម្រោង, គម្រោងថ្មី (ពុំពាក់ព័ន្ធអគារជាប់គាំង) ចំនួន ២៥២ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង។
ទន្ទឹមនឹងនេះ ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសរំលេចពីទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តបន្ត រួមមាន៖ ការរៀបចំរបាយការណ៍វាយតម្លៃលើការបន្តអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ២០២៦, ការចងក្រងឯកសារសំខាន់ៗរយៈពេល ៣ ឆ្នាំ (២០២៤-២០២៦), ការផលិតវីដេអូស្តីពីលទ្ធផលការងាររយៈពេល ៣ ឆ្នាំ និងការធ្វើបច្ចុប្បន្នភាពស្ថានភាពគម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្ត ដើម្បីតាមដានវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា សំដៅធានាប្រសិទ្ធភាពស្របតាមគោលដៅកំណត់។
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដដែល បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ស្របតាមអភិក្រម «ជិវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួមជាចម្បង។ ជាមួយគ្នានេះ ក្រុមការងារក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ឱ្យអញ្ជើញមកដាក់ពាក្យ ឬស្នើសុំមកកាន់ក្រុមការងារដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស និងការសម្របសម្រួលនីតិវិធីផ្សេងៗ៕




ដោយ៖ង៉ាន់ ទិត្យ