កម្ពុជាដាក់ផែនការវិនិយោគ ៦៩០លានដុល្លារសម្រាប់គ្រប់គ្រងដីធ្លី និងកាត់បន្ថយផ្សែងអ័ព្ទ

កម្ពុជាបានដាក់ចេញក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទ ដើម្បីចូលរួមជាមួយប្រទេសក្នុងតំបន់ក្នុងការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងកាត់បន្ថយផ្សែងអ័ព្ទ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ «ភាពស្អាត ភាពបៃតង និងចីរភាព» នៅកម្ពុជា។
 
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា ឆ្នាំ ២០២៦-២០៣៥ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ ការអនុម័តនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងការដោះស្រាយបញ្ហានៃការបំពុលដោយផ្សែងអ័ព្ទ។
 
នៅត្រឹមឆ្នាំ ២០៣៥ កម្ពុជានឹងកាត់បន្ថយឲ្យបានយ៉ាងច្រើននូវការឆេះដី និងភ្លើងឆេះព្រៃ លុបបំបាត់ការដុតនៅទីវាលដែលបង្កផលប៉ះពាល់អវិជ្ជមាននៅក្នុងតំបន់កសិកម្ម និងតំបន់ព្រៃឈើអាទិភាព ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពធន់ និងបរិយាបន្ន។
 
ក្នុងក្របខ័ណ្ឌនេះ គម្រោងចំនួន ១៥ ត្រូវបានរៀបចំឡើង ដោយមានទំហំទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ៦៩០ លានដុល្លារអាមេរិក។ ដើម្បីគាំទ្រគម្រោងទាំងនេះ កម្ពុជាគ្រោងប្រើប្រាស់ប្រភពហិរញ្ញប្បទានជាច្រើន រួមមានថវិកាជាតិ ជំនួយ ហិរញ្ញប្បទានអាកាសធាតុដែលមានលក្ខខណ្ឌអនុគ្រោះ ការផ្តល់កម្ចីពាណិជ្ជកម្ម ព្រមទាំងហិរញ្ញប្បទានពាក់ព័ន្ធកាបូន និងធម្មជាតិ។
 
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ស្ថានភាពផ្សែងអ័ព្ទនៅកម្ពុជា ច្រើនកើតឡើងតាមរដូវកាល ដែលភាគច្រើនបណ្តាលមកពីការដុតសំណល់កសិកម្មនៅតំបន់ដាំស្រូវក្នុងតំបន់ទំនាប និងការឆេះនៅតាមជាយព្រៃក្នុងខេត្តភាគឦសាន។ បញ្ហានេះច្រើនកើតឡើងខ្លាំងនៅចន្លោះខែធ្នូដល់ខែមេសា ជាពិសេសក្នុងខែមករា និងខែកុម្ភៈ ដែលជាពេលប្រជាពលរដ្ឋធ្វើសកម្មភាពដុតក្នុងរដូវប្រាំងច្រើនជាងគេ។
 
នៅឆ្នាំ២០២៥ កម្ពុជា បានរកឃើញចំណុចក្តៅដែលបញ្ជាក់ថាជាភ្លើងឆេះចំនួនជាង ១ម៉ឺន ៦ពាន់ចំណុចនៅទូទាំងប្រទេស តាមរយៈឧបករណ៍ចាប់សញ្ញានៅលើផ្កាយរណប NOAA-20។
 
ខេត្តព្រៃវែង តាកែវ បាត់ដំបង និងខេត្តសៀមរាប ជាតំបន់ដែលមានហានិភ័យខ្ពស់នៃភ្លើងឆេះ និងផ្សែងអ័ព្ទ ដោយសារកសិករតែងដុតជញ្ជ្រាំងស្រូវ ដើម្បីសម្អាតដីស្រែសម្រាប់ការដាំដុះនៅរដូវបន្ទាប់។
ចំណែកខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ ប្រឈមនឹងភ្លើងឆេះព្រៃ ដែលអាចបណ្តាលមកពីការសម្អាតដី ការដុតក្នុងសកម្មភាពបរបាញ់សត្វ និងការពង្រីកផ្ទៃដីកសិកម្មនៅជិតតំបន់ព្រៃឈើ។
 
ដោយឡែក ខេត្តកំពង់ធំ ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ក៏មានហានិភ័យភ្លើងឆេះតាមរដូវកាលផងដែរ នៅពេលរុក្ខជាតិស្ងួតក្នុងរដូវប្រាំង។ រីឯខេត្តក្រចេះ និងកំពង់ចាម មានហានិភ័យកម្រិតមធ្យម ដែលភាគច្រើនពាក់ព័ន្ធនឹងការធ្វើកសិកម្មចម្រុះ និងការដុតសំណល់កសិកម្ម៕

សៅ សុខអេង

ads banner