កងទ័ពរុស្ស៊ីប្រកាសត្រៀមខ្លួនជួយបណ្តុះបណ្តាលកងទ័ពកម្ពុជាលើជំនាញយោធា

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយបណ្តុះបណ្តាលកងទ័ពកម្ពុជាលើផ្នែកយោធា។ លោកបញ្ជាក់បែបនេះនៅក្នុងជំនួបជា​មួយឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា​ការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
 
យោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើជំនាញយោ​ធាជាច្រើន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលនៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
 
ជាងនេះទៅទៀត អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និង​ការធ្វើលំហាត់សមយុទ្ធយោធារួម។
 
ចំណែកមេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ក្នុងការសាងសង់សាលាហ្វឹកហ្វឺនជំនាញរថក្រោះរបស់កងទ័ពជើងគោក ហើយបានប្រកាសត្រៀមខ្លួនក្នុងការជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។
 
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក៕

សេង បារាំង AMS

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner