ខេត្តសៀមរាបទទួលបានជើងហោះហើរថ្មីពីកូរ៉េខាងត្បូង និងបន្ថែមជើងហោះហើរពីចិន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពីកូរ៉េខាងត្បូងនឹងបើកជើងហោះហើរតាមរដូវថ្មី ខណៈក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសចិនក៏បានបន្ថែមជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways របស់ប្រទេសកូរ៉េនឹងចាប់ផ្តើមហោះហើរតាមរដូវលើផ្លូវ សេអ៊ូល-អ៊ីនឈន់ ទៅកាន់ខេត្តសៀមរាបជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ប្រទេសចិន បានបង្កើនជើងហោះហើរពីទីក្រុងគុនមីង ប្រទេសចិន មកកាន់សៀមរាប ពី៣ជើង ទៅ៤ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយហោះហើរនៅថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។
ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកផ្លូវហោះហើរថ្មី និងការបង្កើនជើងហោះហើរទាំងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនចំណូលដល់អាជីវកម្មក្នុងខេត្តសៀមរាម លើកកម្ពស់សក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់ខេត្តសៀមរាប និងពង្រីកជើងហោះហើរអន្តរជាតិ និងទីផ្សារទេសចរណ៍របស់កម្ពុជា។
ក្នុងខែកញ្ញា ឆ្នាំ២០២៦ ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួន ៥០៦ជើង និងមានអ្នកដំណើរសរុប ចំនួនជាង ៣ម៉ឺននាក់ ក្នុងនោះជើងហោះហើរអន្តរជាតិមានចំនួន ៣៩៥ ជើង មានអ្នកដំណើរប្រមាណ២ម៉ឺន ៧ ពាន់នាក់ និងជើងហោះហើរក្នុងស្រុកមានចំនួន ១១១ ជើង មានអ្នកដំណើរចំនួន ៣ ៨៤៣ នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលផ្តល់ដោយលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប។
បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួនប្រមាណពី ១៥-១៨ជើង ក្នុងមួយថ្ងៃ មានអ្នកដំណើរ ចន្លោះពី ១,០០០ នាក់ ទៅ ១,២០០ នាក់ ក្នុងមួយថ្ងៃ។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ជាង ៥១ម៉ឺននាក់ ថយចុះ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានចំនួនជាង៧០ម៉ឺននាក់។ ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានជាង ៤៤ម៉ឺននាក់ បានធ្វើដំណើរមកកាន់ខេត្តសៀមរាបតាមផ្លូវអាកាស ៕
សៅ សុខអេង


