មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។
ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន។ សម្ដេចធិបតីគូសបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងនាយទាហាននៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ៕
ប្រភព៖ ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត





