អ៊ីរ៉ង់ ថា នាវា កូរ៉េខាងត្បូង ដែលឆ្លងកាត់ច្រក ហ័រមូស គ្មានការអនុញ្ញាត ត្រូវប្រឈមវិធានការផ្លូវច្បាប់

តេហេរ៉ង់ ៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ រាល់នាវាទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រកូរ៉េខាងត្បូង Sinokor នឹងត្រូវប្រឈមមុខនឹង «វិធានការផ្លូវច្បាប់» ដោយសារតែកប៉ាល់ទាំងនោះ បានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាត ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរច្រកសមុទ្រពែរ្សរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ។

ស្ថាប័នដែលបង្កើតឡើង ដោយទីក្រុងតេហេរ៉ង់ ដើម្បីគ្រប់គ្រងសំណើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូសមួយនេះ បង្ហោះនៅលើបណ្តាញសង្គម X ថា នាវារបស់ក្រុមហ៊ុន Sinokor បានរំលោភបំពានលើបទប្បញ្ញត្តិឆ្លងកាត់ច្រកសមុទ្រនេះច្រើនជាងគេបំផុត ក្នុងរយៈពេល ៣ ខែ កន្លងមកនេះ ហើយ «វិធានការសមស្រប» ត្រូវបានចាត់ឡើងប្រឆាំងនឹងនាវាទាំងនោះ យ៉ាងហោចណាស់ ចំនួន ៧ គ្រឿង ។

ឆ្លើយតបនឹងរឿងនេះ, សមាគមនាវាកូរ៉េខាងត្បូង ហៅកាត់ KSA លើកឡើងថា នាវាដែលត្រូវបានលើកឡើងទាំងនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sinokor នោះទេ ។

សមាគមបញ្ជាក់ថា នាវាទាំងនោះត្រូវបានជួលបន្ត ទៅឱ្យក្រុមហ៊ុនប្រេងបរទេសមួយ ហើយក៏មិនមានសមាជិកនាវិកជាជនជាតិកូរ៉េខាងត្បូងនៅលើនាវាទាំងនោះដែរ ពោលគឺមានតែនាវិកបរទេសប៉ុណ្ណោះ ។

បើតាម straitstimes, នាវាដែលជាកម្មសិទ្ធិរបស់ Sinokor ដែលរួមមាននាវាដឹកប្រេងចំនួន ៤៥ គ្រឿង ធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់អ៊ីរ៉ង់ កាលពីខែសីហា ដោយអ៊ីរ៉ង់អះអាងថា នាវាទាំងនោះបានបំពានច្បាប់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូស ។

ទីក្រុងតេហេរ៉ង់បានព្យាយាមពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅលើផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ តាមរយៈការវាយប្រហារលើនាវាដឹកជញ្ជូននានា ចាប់តាំងពីមានការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងការដាក់កម្រិតលើការឆ្លងកាត់នេះ គឺដើម្បីស្វែងរកអំណាចចរចា ជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែសកម្មភាពនេះបានរំខានដល់លំហូរប្រេងពីបណ្តាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ជាពិសេស ទៅកាន់អតិថិជនរបស់ពួកគេនៅក្នុងទ្វីបអាស៊ី ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner