ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

ក្រសួងទេសចរណ៍ រួមជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី (Village Francophone)» នៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិព័រណ៍នេះនឹង ត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺមុនកិច្ចប្រជុំកំពូលមួយថ្ងៃ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូមកពីជុំវិញ ៩០ ប្រទេស។

ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាដ៏មានតម្លៃក្នុងការបង្ហាញពីសភាពការណ៍ពិត ការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ និង សក្ដានុពលទេសចរណ៍-វប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ឯកឧត្តម ជុក ជំនោរ បានឱ្យដឹងថា តាមការរៀបចំនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» នេះ នឹងត្រូវបែងចែកជា ៥ តំបន់សំខាន់ៗ ក្នុងនោះមានតំបន់ពន្លាជាតិសម្រាប់ បណ្តាប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ ទេសចរណ៍ និងសមិទ្ធផលនានា ដែលរៀបចំឡើងតាម រចនាបទខ្មែរ រួមផ្សំពន្លានៃប្រទេស នីមួយៗ។
 
ក្រៅពីនេះមានតំបន់សិក្ខាសាលាសម្រាប់រៀបចំសន្និសីទ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ព្រមទាំងតំបន់សម្តែងសិល្បៈ សម្រាប់បង្ហាញ ទម្រង់សិល្បៈចម្រុះរបស់កម្ពុជា និងបណ្តាប្រទេសជាសមាជិក ក៏ដូចជាតំបន់ពិព័រណ៍ទូទៅ ដែលបើកឱកាសឱ្យក្រុមហ៊ុន សហគ្រាស សមាគមទេសចរណ៍ និងរាជធានី-ខេត្ត ដាក់បង្ហាញផលិតផល និងសេវាកម្ម។ ចំណែកភូមិអាហារ ហ្វ្រង់កូហ្វូនី គឺសម្រាប់តាំងបង្ហាញ និងលក់ម្ហូបអាហារប្លែកៗមកពីបណ្តាប្រទេសជាសមាជិក។

គិតត្រឹមថ្ងៃបើកការដ្ឋានសាងសង់នេះ មានប្រទេសជាសមាជិកប្រមាណ ៥០ ប្រទេសហើយ បានចុះឈ្មោះចូលរួមក្នុងតំបន់ពន្លាជាតិ ហើយចំនួននេះត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។ ក្រៅពីគណៈប្រតិភូផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» ក៏នឹងបើកទ្វារជូន សាធារណជន ចូលរួមទស្សនា និងកម្សាន្តដោយសេរីផងដែរ៕

អត្ថបទ៖ ជាវ ចន្ធូ
រូបភាព៖ រិន រចនា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner