អ៊ីរ៉ង់ ព្រមានថា បើសង្គ្រាមជុំថ្មីផ្ទុះឡើង នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក ពិសេសទីផ្សារថាមពល

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានទុកមុនថា បើសង្គ្រាមជុំថ្មីផ្ទុះឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលដុតបញ្ឆេះដោយអ៊ីស្រាអែល នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក ជាពិសេសទីផ្សារថាមពល ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃពុធ ។

យោងតាម AFP, តំបន់ឈូងសមុទ្រពែក្សមានសារៈសំខាន់ខ្លាំង ចំពោះការផ្គត់ផ្គង់ថាមពល និងការដឹកជញ្ជូនប្រេង រួមទាំងឧស្ម័នទៅកាន់ទីផ្សារអន្តរជាតិ ។

ដូច្នេះ បើសង្គ្រាមជុំថ្មីផ្ទុះឡើង នោះវាអាចបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពនៃការដឹកជញ្ជូន និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ពិសេសតម្លៃថាមពល និងទីផ្សារអន្តរជាតិ ។

ប៉ុន្តែមុនពេលបញ្ហានេះកើតឡើង ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានព្រមានតាមបណ្តាញសង្គម X ថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើទីផ្សារអន្តរជាតិ ដែលបណ្តាលមកពីសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ឈូងសមុទ្រពែក្ស នៅតែជាក្តីបារម្ភដ៏សំខាន់ ទាំងប្រទេសផ្គត់ផ្គង់ឧស្ម័ន និងប្រទេសប្រើប្រាស់ឧស្ម័ន ។

ការព្រមានរបស់អ៊ីរ៉ង ត្រូវបានធ្វើឡើងចំពេលដែលអាមេរិក និងអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានលើកឡើងពីលទ្ធភាពបើកការវាយប្រហារឈុតធំសាជាថ្មីប្រឆាំងប្រទេសអ៊ីរ៉ង់ ។

ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងក្នុងពេលថ្មីៗនេះថា រូបលោកអាចនឹងសហការជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីលុបបំបាត់អ្វីដែលលោកហៅថា «ការគំរាមកំហែងដល់ស្ថិរភាព» ដែលបង្កឡើងដោយអ៊ីរ៉ង់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner