ចិន ប្រាប់ ជប៉ុន ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុនខ្លួន ដែលតែងការពារទំនាក់ទំនង ប្រទេសជិតខាងទាំងពីរ
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន ឱ្យការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមឆន្ទៈ ឥស្សរជននយោបាយជំនាន់មុនរបស់ខ្លួន ដែលតែងតែគោរពនិងការពារទំនាក់ប្រទេសជិតខាងទាំងពីរ។
យោងតាមការចុះផ្សាយរបស់ CNA, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានរៀបរាប់ដោយបង្ហាញពីការសង្ឃឹមថា «ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន នឹងឱ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ឥស្សរជននយោបាយជំនាន់មុន, គោរពតាមឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ព្រមទាំង ការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីនេះឱ្យបានម៉ឺងម៉ាត់»។
មេដឹកនាំចិនបានអះអាងបែបនេះ តាមរយៈសាររំលែកទុក្ខ ផ្ញើទៅកាន់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda ដែលទទួលមរណភាព កាលពីសប្តាហ៍មុន។
លោក ស៊ី ជីនពីង បានបន្ថែមថា ចិននឹងចងចាំជានិច្ចនូវរាល់ការរួមចំណែករបស់លោក Fukuda ក្នុងទំនាក់ទំនង រវាងចិននិងជប៉ុន ក៏ដូចជា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ហើយលោកថ្លែងចាត់ទុក លោក Fukuda គឺជាអ្នកនយោបាយជប៉ុន ដែលមានភាពស្មោះត្រង់, ប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ និង មានការទទួលខុសត្រូវ ព្រមទាំង ជាមិត្តចាស់របស់ប្រជាជនចិន។
បើតាម CNA, នេះគឺជាករណីដ៏កម្រមួយ ដែលមេដឹកនាំកំពូលរបស់ទីក្រុងប៉េកាំង លើកឡើងដោយផ្ទាល់អំពីទំនាក់ទំនងរវាងចិននិងជប៉ុន ចាប់តាំងពីប្រទេសជិតខាងទាំងពីរមានភាពរកាំរកូលជាមួយគ្នា តាំងពីចុងឆ្នាំ២០២៥។
ទំនាក់ទំនងរវាងចិននិងជប៉ុន បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន គឺ លោកស្រី Sanae Takaichi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ កាលពីខែវិច្ឆិកា ឆ្នាំមុន ជុំវិញកោះតៃវ៉ាន់៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត