រាជរដ្ឋាភិបាលកម្ពុជា គាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ រុស្ស៊ី និងកម្ពុជា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការគាំទ្រក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ រុស្ស៊ី និងកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រដូច្នេះ នាឱកាសអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច នៅកម្ពុជា នាពេលនេះ។
ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត ។
ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន។
សម្ដេចធិបតីគូសបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងនាយទាហាននៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នា ទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ ៕





