នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប អាចវាយគោលដៅចម្ងាយ ៨,០០០ គីឡូម៉ែត្រ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ Bulava ដែលអាចវាយប្រហារកម្ទេចគោលដៅសត្រូវក្នុងចម្ងាយប្រមាណ ៨,០០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅឯសមុទ្រ Okhotsk នេះបើតាមប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធ ។

ក្រសួងបញ្ជាក់ថា មីស៊ីល Bulava នេះ ត្រូវបានបាញ់ចេញពីនាវាមុជទឹកយុទ្ធសាស្ត្រ Generalissimus Suvorov នៃកងនាវាមុជទឹកប្រចំាតំបន់ប៉ាស៊ីហ្វិក ខណៈដែលវាកំពុងស្ថិតនៅក្រោមផ្ទៃទឹក ។ ការបាញ់សាកល្បងនេះ ជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធាតាមកាលវិភាគ ។

ក្រសួងបន្ថែមថា មីស៊ីលនេះត្រូវបានតម្រង់ទៅកាន់ទីលានសាកល្បង Chizha នៅក្នុងតំបន់ Arkhangelsk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ពោលគឺមិនឆ្ងាយប៉ុន្មានពីប្រទេសសមាជិក NATO គឺន័រវេស និងហ្វាំងឡង់ ។

បើតាម Newsweek, នាវាមុជទឹក Generalissimo Suvorov គឺជាប្រភេទនាវាមុជទឹកយុទ្ធសាស្ត្រជំនាន់ទី៤ ដើរដោយថាមពលនុយក្លេអ៊ែរ និងត្រូវបានបំពាក់ប្រព័ន្ធមីស៊ីលកំណាច Torpedo និងឧបករណ៍ទំនើបៗសម្រាប់ការរុករក ការទំនាក់ទំនង និងការរកឃើញសញ្ញាក្រោមទឹក ។

នាវាមុជទឹកនេះត្រូវបានដាក់ឱ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនៅខែធ្នូ ឆ្នាំ២០២២ ខណៈនាវាមុជទឹកនេះ អាចផ្ទុកមីស៊ីលផ្លោងអន្តរទ្វីប Bulava ចំនួន ១៦ គ្រាប់ ។

ចំណែកមីស៊ីលផ្លោងអន្តរទ្វីប Bulava ត្រូវបានរាយការណ៍ថា មានសមត្ថភាពបាញ់បានចម្ងាយជាង ៨,០០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ចំនួន ៦ ក្នុងមួយគ្រាប់ ។ រុស្ស៊ីបានពង្រាយមីស៊ីលនេះជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០២៤ ក្រោយបាញ់សាកល្បងជោគជ័យលើកដំបូងនៅឆ្នាំ ២០០៥ ។

គួរបញ្ជាក់ថា មីស៊ីលផ្លោងអន្តរទ្វីប Bulava រួមជាមួយនឹងនាវាមុជទឹក Generalissimo Suvorov របស់រុស្ស៊ី គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ និងវាយបកសត្រូវវិញ ប្រសិនបើខ្លួនរងការវាយប្រហារមុន ៕

ប្រភព ៖ Xinhua និង Newsweek ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner