ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយលើបណ្តាញសង្គម ដើម្បីអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។ ឯកឧត្តម បានង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ «ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម» នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។
អ្នកការទូតចិនរូបនេះបានបន្តទៀតថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ឯកឧត្តមបន្ថែមថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តម វ៉ាង វិនពីន បញ្ជាក់ថា ភាគីចិននឹងរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពសម្រាប់កុងសុងស៊ីសសំខាន់ៗ ដែលកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជា អាចចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជនយើងទាំងពីរ និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត៕
ខន ណារី AMS