អាមេរិកបញ្ចុះបញ្ចូលប្រទេសនានា ឲ្យប្រឆាំងការសម្រេចរបស់ UN ដែលថ្កោលទោសទណ្ឌកម្មលើគុយបា

អ.ស.ប ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ចុះបញ្ចូលប្រទេសជាច្រើនបន្ថែមទៀត ឱ្យប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសគុយបា។

មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវយ៉ាងខ្លាំងឱ្យបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប៉ុន្តែ ការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប្រទេសមួយចំនួនងាកមកប្រឆាំងនឹងសេចក្តីសម្រេចនេះ ឬជ្រើសរើសការមិនចូលរួមបោះឆ្នោត ដែលជាករណីកើតឡើងលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។

លទ្ធផលបានបង្ហាញថា មាន ១៣០ ប្រទេសគាំទ្រសេចក្តីសម្រេចនេះ, ២៥ ប្រទេសមិនចូលរួមបោះឆ្នោត និង ១៧ ប្រទេស (រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល) បានបោះឆ្នោតប្រឆាំង។

ធៀបនឹងឆ្នាំមុន ដែលមានសំឡេងគាំទ្រ ១៦៥ ទល់នឹង ៧ សំឡេងប្រឆាំង និង ១២ ប្រទេសមិនចូលរួមបោះឆ្នោត។ ប្រទេសលោកខាងលិចមួយចំនួន រួមទាំងអាល្លឺម៉ង់ និងអ៊ីតាលី បានជ្រើសរើសការមិនចូលរួមបោះឆ្នោត ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

បើតាម Reuters, ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិនេះមានទម្ងន់ផ្នែកនយោបាយ ប៉ុន្តែមានតែសភាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចលុបចោលការដាក់ទណ្ឌកម្មដែលកើតមានតាំងពីសម័យសង្គ្រាមត្រជាក់នេះបាន។

លោក Mike Waltz តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា «ខ្ញុំពេញចិត្តដែលឃើញប្រទេសជាច្រើននៅពេលនេះ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា កូរ៉េ, អាល្លឺម៉ង់ និងប្រទេសផ្សេងទៀត បានផ្លាស់ប្តូរជំហររបស់ខ្លួន»។

លោកបានបន្ថែមថា «ការទូតត្រូវការពេលវេលា ប៉ុន្តែ ឥឡូវនេះ ចំនួនប្រទេសដែលបានផ្លាស់ប្តូរជំហរបានកើនឡើងដល់ទៅ ៣ដង ហើយយើងរំពឹងថា ចំនួននេះនឹងបន្តកើនឡើងថែមទៀត»។

យ៉ាងណាមិញ ក្នុងពេលនោះដែរ, មានការជជែកតវ៉ាដោយស្រែកដាក់គ្នាទាំងកំហឹងរវាងតំណាងសហរដ្ឋអាមេរិក និងប្រទេសគុយបា ដែលនាំឱ្យមានការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចពិភាក្សា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៕

ប្រភព ៖ Reuters , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner