អាល្លឺម៉ង់ ចោទ កូរ៉េខាងជើង គំរាមកំហែងសេរីភាព និងសន្តិសុខទូទាំងទ្វីប អឺរ៉ុប
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចោទប្រកាន់ចំៗថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន កំពុងគំរាមកំហែងដោយផ្ទាល់ដល់សេរីភាព និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប ។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមេដឹកនាំអាល្លឺម៉ង់រូបនេះ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល និងបានចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃព្រហស្បតិ៍ ។
បើតាម Anadolu, លោក Merz បានសង្កត់ធ្ងន់ថា សន្តិសុខនៃតំបន់ទាំងពីរ ពោលទ្វីបអឺរ៉ុប និងឧបទ្វីបកូរ៉េ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដូច្នេះហើយ នៅពេលដែលទាហានកូរ៉េខាងជើងចូលរួមប្រយុទ្ធក្នុងតំបន់ Donbas របស់អ៊ុយក្រែន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សេរីភាពទ្វីបអឺរ៉ុប ។
លោកថា មិនត្រឹមតែប៉ុណ្ណោះ បើរុស្ស៊ីផ្តល់បច្ចេកវិទ្យាយោធា ឬអាវុធត្រឡប់ទៅឱ្យកូរ៉េខាងជើងវិញ វាក៏នឹងបង្កការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងអាស៊ីទាំងមូលដូចគ្នា ។
ឆ្លើយតបការគំរាមកំហែងរួមពីរុស្ស៊ី និងកូរ៉េខាងជើង, អាល្លឺម៉ង់ និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់» ដោយផ្តោតខ្លាំងលើកិច្ចសហប្រតិបត្តិការយោធា, ការធ្វើសមយុទ្ធរួមគ្នា និងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ការពារជាតិ ។
បន្ថែមលើនេះ ប្រទេសទាំងពីរបានព្រមព្រៀងបន្តធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រលើបញ្ហាអន្តរជាតិសំខាន់ៗនានា ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកអធិការបតីអាល្លឺម៉ង់ក៏មានផែនការទៅទស្សនកិច្ចនៅតំបន់បន្ទាត់ព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ (DMZ) នៅក្នុងថ្ងៃសុក្រនេះ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េផងដែរ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

