អាមេរិក បញ្ជូនយន្តហោះយោធា ១០ គ្រឿងទៅ អ៊ីស្រាអែល ជាសញ្ញាត្រៀមវាយ អ៊ីរ៉ង់ ជុំថ្មី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាចំនួន ១០ គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសរបស់អ៊ីស្រាអែល ស្ថិតក្នុងតំបន់ Negev ភាគខាងត្បូង ដែលនេះជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តដែកថែបទាំងពីរ ដើម្បីបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ។
បើតាម Jerusalem Post, យន្តហោះដឹកជញ្ជូនយោធាទាំងនោះ (ភាគច្រើនជាប្រភេទ C-17 Globemaster III ឬ C-5M Super Galaxy បានហោះចេញពីមូលដ្ឋានទ័ព Fort Bliss ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយបានចុះចតនៅមូលដ្ឋានទ័ពអាកាស Ovda និង Nevatim របស់អ៊ីស្រាអែល ។
ទោះបីជាមិនមានការបញ្ជាក់ផ្លូវការអំពីទំនិញដែលបានដឹកជញ្ជូនក៏ដោយ ប៉ុន្តែអ្នកវិភាគយោធាជឿជាក់ថា វាជាការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ ដូចជា គ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ THAAD និង Patriot ដើម្បីត្រៀមលក្ខណៈការពារទ្រព្យសម្បត្តិយោធាក្នុងតំបន់ ពីការវាយបកណាមួយរបស់អ៊ីរ៉ង់ ។
យោងតាម Anadolu, ក្រៅពីអ៊ីស្រាអែល សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះយោធា និងប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ថែមទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន ហ្សកដានី អារ៉ាប៊ីសាអ៊ូឌីត កាតា និងគុយវ៉ែត ផងដែរ ។
ការចល័តទ័ពតាមផ្លូវអាកាសដ៏ធំនេះ កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានជួបពិភាក្សា និងផ្តល់ជម្រើសយោធាជាច្រើនដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញលទ្ធភាពនៃការបើកយុទ្ធនាការវាយប្រហារដ៏ខ្លី និងផ្តោតលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ៕
ប្រភព ៖ Jerusalem Post និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
